អគ្គស្នងការដ្ឋាននគរបាលជាតិ បដិសេធដាច់អហង្ការចំពោះការផ្សាយរបស់ទូរទស្សន៍កូរ៉េថា ពលរដ្ឋខ្លួនត្រូវគេបង្ខាំងធ្វើការខុសច្បាប់ និង ចាប់ជំ-រិ-តនៅកម្ពុជា
នៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៤ អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញមកបដិសេធយ៉ាងដាច់អហង្ការចំពោះការចុះផ្សាយរបស់ទូរទស្សន៍កូរ៉េមួយដែលបានចោទប្រកាន់ថា ពលរដ្ឋរបស់ខ្លួនរងគ្រោះដោយអំពើបង្ខាំងធ្វើការខុសច្បាប់ និង ចាប់ជំរិតនៅកម្ពុជា។
តាមប្រភពបានឱ្យដឹងថា បន្ទាប់ពីបានឃើញការចែកចាយរបស់សារព័ត៌មានកូរ៉េ ដោយអនុវត្តតាមបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ សថេត អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាកម្លាំងជំនាញបើកការស្រាវជ្រាវបន្ទាន់ភ្លាម។ ជាលទ្ធផលនៃការស្រាវជ្រាវ កាលពីថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០២៤ កន្លងទៅ មានជនជាតិកូរ៉េម្នាក់ បានទំនាក់ទំនងមកប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍ និង បានអះអាងថាប្ដីរបស់ខ្លួនធ្វើការនៅអគារអាយខន ស្ថិតក្នុងខណ្ឌសែនសុខ ដោយទំនាក់ទំនងមិនបានឡើយ។
ក្រោយមកកម្លាំងជំនាញ បានចុះទៅដល់ទីតាំងដែលសង្ស័យក្នុងសេចក្ដីរាយការណ៍ និង រកឃើញថាមិនមានការចាប់ជំរិត ឬចាប់បង្ខាំងមនុស្សដោយខុសច្បាប់ឡើយ។ រួចសមត្ថកិច្ចបានរកឃើញ និង ប្រគល់ជនជាតិកូរ៉េនោះទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ដើម្បីធ្វើការសួរនាំបន្ដ។ បន្ទាប់ពីសួរនាំ ជនជាតិកូរ៉េខាងលើបានអះអាងថា ខ្លួនមិនត្រូវបានចាប់ជំរិត ឬបង្ខាំងឱ្យធ្វើការដោយខុសច្បាប់អ្វីឡើយ។ ក្រោយបញ្ចប់ការសួរនាំតាមនីតិវិធី នៅថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០២៤ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានបញ្ជូនជនជាតិកូរ៉េខាងលើទៅកាន់ប្រទេសដើមវិញរួចរាល់។
ក្នុងន័យនេះ អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានសង្កត់ធ្ងន់ថា ចំពោះការផ្សព្វផ្សាយព័ត៌មានរបស់ទូរទស្សន៍កូរ៉េនោះ មិនមែនជាការពិតនោះឡើយ ហើយអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើការបដិសេធយ៉ាងដាច់អហង្ការច្រានចោលទាំងស្រុង និង អំពាវនាវដល់ស្ថានីយ៍ទូរទស្សន៍កូរ៉េនោះ ធ្វើការកែសម្រួលនូវការផ្សាយព័ត៌មាននេះឡើងវិញ៕
ប្រភព ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ