(វីដេអូ) អភិជនពិតៗ! កាន់តែឡើងកូដ ឌីជេរូបសង្ហា រាយ៍ហ្សូ ជះលុយរាប់ម៉ឺនដុល្លារទៅលេងឌូបៃ
មួយរយៈធំចុងក្រោយនេះ ឌីជេ រាយ៍ហ្សូ ហាក់កំពុងផ្ទុះសាយភាយប្រជាប្រិយភាពកាន់តែខ្លាំងក្លាក្នុងស្រទាប់មហាជន ជាពិសេសមិត្តៗយុវវ័យ ដោយសារតារាប្រុសរូបនេះ មិនត្រឹមតែមានទេពកោសល្យខ្ពស់ដូចជាការសម្ដែងឌីជេ, Remix បទភ្លេងបែប EDM, Hip Hop ក៏ដូចជាធ្វើភ្លេងបែប Original នោះទេ ប៉ុន្ដែ ឌីជេ រាយ៍ហ្សូ គឺជាកំលោះមានរូបរាងសង្ហា មុខមាត់មានមន្តស្នេហ៍ ពោលគឺជារាជបុត្រក្នុងដួងចិត្តរបស់សុភាពនារីជាច្រើន។
មិនត្រឹមតែមានសមត្ថភាពខ្លាំងផ្នែកតន្រ្តី និង មានរូបរាងសង្ហាទាំងព្រមនោះទេ ប៉ុន្ដែរឿងដែលគួរឱ្យកោតសរសើរបំផុតនោះ រាយ៍ហ្សូ អាចរស់នៅក្នុងជីវិតមួយដែលហាយសូរទាំងវ័យក្មេង។ ជាក់ស្ដែងថ្មីៗនេះ តារាប្រុសវ័យ ២២ ឆ្នាំខាងលើ បានធ្វើដំណើរកម្សាន្តយ៉ាងអភិជនទៅកាន់ទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួមរយៈពេល ២ សប្ដាហ៍ឯណោះជាមួយមិត្តភក្ដិ ដោយលោកបានស្នាក់នៅសណ្ឋាគារ «Hyatt Regency Dubai Creek Heights» ដែលជាសណ្ឋាគារលំដាប់ផ្កាយប្រាំ មានតម្លៃខ្ទង់ជិតពាន់ដុល្លារក្នុងមួយយប់។
ក្នុងដំណើរកម្សាន្តទៅកាន់ប្រទេសដ៏ទំនើបស៊ីវិល័យនេះ ឌីជេ រាយ៍ហ្សូ បានចាយជីវិតយ៉ាងហាយសូរបំផុត គឺលោកបានទៅដើរលេងកម្សាន្តនៅតំបន់សំខាន់ៗជាច្រើនកន្លែង ដែលសុទ្ធសឹងតែជាកន្លែងល្បីៗ ទំនើបៗនៅទីក្រុងឌូបៃដូចជា ទៅអគារខ្ពស់ជាងគេលើពិភពលោក សារមន្ទីរ ផ្សារទំនើបជាងគេលើពិភពលោក និង តំបន់លក់មាសពេជ្រសុទ្ធៗដ៏ល្បី ព្រមទាំងចាយលុយទិញរបស់របរប៊្រេនៗថ្លៃៗ ដែលស្ដែងឱ្យឃើញពីដំណើរកម្សាន្តមួយដ៏អស្ចារ្យ ពោរពេញដោយបទពិសោធ និង អនុស្សាវរីយ៍ល្អៗគួរជាទីចងចាំបំផុត។
លើសពីនេះ បើតាមការសង្កេតពីមហាជនឃើញថា ក្នុងដំណើរកម្សាន្តទៅកាន់ទីក្រុងឌូបៃលើកនេះ ឌីជេ រាយ៍ហ្សូ បានចំណាយអស់ខ្ទង់រាប់ម៉ឺនដុល្លារឯណោះ។