មិនមែនអមនុស្សទេ! ករណីកណ្ដាលអធ្រាត្រឃើញមនុស្សស្ទង់ៗលើផ្លូវនៅស្រុកសន្ទុក ត្រូវអធិការស្រុកចេញបកស្រាយហើយ
ថ្មីៗនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាសម្ដែងក្ដីងឿងឆ្ងល់ បន្ទាប់ពីមានរឿងចៃដន្យមួយបានកើតឡើង ដោយនៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៤ មានអ្នកប្រើប្រាស់បណ្ដាញសង្គមចំនួន ២ នាក់ផ្សេងគ្នា បានបង្ហោះវីដេអូអ្វីមួយព្រាលៗមានសកម្មភាពរំកិលឆ្លងផ្លូវផង ឈរលើផ្លូវផង នៅចំណុចទីតាំងតែមួយ គឺត្រង់ចំណុច ស្រុកសន្ទុក ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។
បន្ទាប់ពីផ្ទុះការជជែកវែកញែកជាហូរហែរួចមក នៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៤ តាមរយៈគណនីដែលមានឈ្មោះ Bun Theng បានចេញសេចក្តីបំភ្លឺជូនសាធារណៈជន និង បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ក្នុងភូមិសាស្ត្រស្រុកសន្ទុក ខេត្តកំពង់ធំ ដោយបញ្ជាក់ឱ្យបានដឹងថា រូបភាព ឬ វីដេអូដែលថតជាប់នោះ គឺជាលោកយាយម្នាក់ ដែលគាត់មានឈ្មោះ តាត់ យូស៊ីម អាយុ ៧៧ ឆ្នាំ ដែលតែងតែដើរឆ្លងកាត់ថ្នល់ពេលយប់ លើផ្លូវជាតិលេខ ៦ ចំណុចភូមិវាំងខាងត្បូង ឃុំតាំងក្រសាំង ដែលមានប្ដីឈ្មោះ មុត សារឹម (ហៅតារស់) នៅភូមិវាំងខាងត្បូង ឃុំតាំងក្រសាំង។
តាមប្រភពបានឱ្យដឹងទៀតថា កាលពី ១០ ឆ្នាំមុន គាត់ជួបគ្រោះថ្នាក់ចរាចរណ៍ប៉ះពាល់ក្បាលធ្ងន់ធ្ងរ រហូតដល់ពេលនេះធ្វើឱ្យគាត់មានការភ្លេចភ្លាំង និង វង្វេងបាត់បង់ស្មារតីមួយចំនួន។ បច្ចុប្បន្នលោកយាយត្រូវប្ដី និង កូន យកទៅមើលថែនៅផ្ទះ នៅភូមិវាំងខាងត្បូង ឃុំតាំងក្រសាំង ស្រុកសន្ទុក កំពង់ធំ។
ដោយឡែក ចំពោះករណីរូបស្ត្រីរំកិលនោះ បើតាមការឱ្យដឹងពីគណនីឈ្មោះ ហាងម្ទេស រសជាតិឆ្ងាញ់ បានបញ្ជាក់ឱ្យបានដឹងថា គឺជាមនុស្សអត់គ្រប់សតិ ឱ្យតែគាត់ផឹកស្រា ចូលចិត្តដើរពេញផ្លូវពេលយប់ៗ ជួនកាលអង្គុយកណ្តាលផ្លូវ ដេកកណ្តាលផ្លូវ ហើយជួនកាលដើរស្រាតទៀតផង៕