(វីដេអូ) នាយក្រឹម បង្ហើបពីស្ថានភាពកូនប្រុស ពេលនេះដឹងខ្លួនហើយ តែមិនទាន់ផុតគ្រោះថ្នាក់ទេ
កាលពីពេលថ្មីៗ កន្លងទៅនេះ មហាជនមានការភ្ញាក់ផ្អើល និង ព្រួយបារម្ភជាខ្លាំងក្រោយពីទទួលបានដំណឹងថាកូនប្រុសទី ២ របស់តារាកំប្លែងជើងចាស់ នាយក្រឹម កំពុងស្ថិតនៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ ខណៈលោកបានឡើងឈាមដល់ ២៥ បុកចូលក្នុងខួរក្បាល។
បើតាមដំណឹងពី អ្នកនាង ស្រីលាភ ដែលជាប្រពន្ធទី ២ របស់តារាកំប្លែង នាយក្រឹម បានឱ្យដឹងកាលពីថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៤ ថា ៖ «អស់រយៈកាលជាងកន្លះខែមកហើយ ដែលកូនប្រុសទីពីររបស់បងក្រឹម ឈ្មោះ អ៊ូ ប៉ុនមុន្នីទិទ្យា មានមុខងារជា នាយទាហាន នៅមជ្ឈមណ្ឌលជាតិគ្រប់គ្រង់ កងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន NPMEC (UN) បានមានជំងឺឡើងឈាមដល់ទៅ ២៥ បុកចូលខួរក្បាល ដែលគេហៅហាជំងឺស្ត្រូប ត្រូវសង្រោះបន្ទាន់ ICU នៅមន្ទីពេទ្យលោកសង្ឃ»។
ដោយឡែក ក្រោយការវះកាត់ទទួលបានជោគជ័យមួយរយៈហើយក្ដី ហើយអ្នកជំងឺ កំពុងតែបានគ្រូពេទ្យជំនាញកំពុងតាមដាមសុខភាពបន្តផងនោះ ថ្មីៗនេះ នាយក្រឹម ទើបតែបានទម្លាយពីដំណើរដើមទងនៃមូលហេតុបណ្តាលឱ្យកូនប្រុសចូលពេទ្រសង្គ្រោះបន្ទាប់ តាមរយៈកិច្ចសម្ភាសន៍មួយរវាងលោក អ៊ឹម ជីវ៉ា។
នាយក្រឹម បានឱ្យដឹងថា កូនប្រុសរបស់លោកមានអាយុ ៣៥ ឆ្នាំ ហើយដំបូងឡើយនោះ គឺកូនប្រុសវិលមុខ ឈឺក្បាល កល់ក្អួត ហើយលើសឈាម រហូតបុកដល់ក្បាល។ លោកបន្តថា កូនប្រុសរបស់លោក ក្រោយបញ្ជូនទៅមន្ទីរពេទ្យ និង ធ្វើការវះកាត់ហើយនោះ គឺសន្លប់ដល់ទៅប្រមាណជាង ២០ ថ្ងៃ ឯណោះ។
មកដល់ពេលនេះ កូនប្រុសទី ២ របស់លោក បានធូរស្បើយបន្តិចហើយ ប៉ុន្តែស្ថិតនៅតំបន់គ្រោះថ្នាក់នៅឡើយ ហើយកូនប្រុសក៏បានភ្ញាក់ពីសន្លប់វិញហើយ គ្រាន់តែមិនទាន់កម្រើកដៃជើងពេញទី ដូចអ្នកធម្មតានោះទេ។
យ៉ាងណាមិញ ក្នុងកិច្ចសម្ភាសន៍ខាងលើនោះដែរ នាយក្រឹម បានផ្តាំផ្ញើទៅកាន់មហាជនរឿងរបបអាហារ និង ការហាត់ប្រាណ ព្រោះលោកបានលើកឡើង ការញុំា និង មិនបានហាត់ប្រាណនេះ ក៏ជាចំណែកបណ្តាលធ្វើឱ្យកូនលោកឈឺដូចគ្នាដែរ៕