ស្អាតហើយមានទឹកចិត្តល្អ! លីនដា កូនស្រីអភិជនជាន់ខ្ពស់ ធ្វើការងារសប្បុរសធម៌ជួយកុមារ និង បរិច្ចាគឈាម
ប្លែកពីសព្វដង ដែលប្រិយមិត្តធ្លាប់តែឃើញ លីនដា កូនស្រីអភិជនជាន់ខ្ពស់នៅកម្ពុជា ត្រូវបានគេចាប់អារម្មណ៍ទៅលើរូបសម្រស់ និង ការស្លៀកពាក់ ថ្មីៗនេះនាងកាន់តែធ្វើឱ្យមហាជនបាក់ចិត្តកាន់តែខ្លាំង ដោយនាងបានចូលរួមធ្វើការងារសប្បុរធម៌ ជាពិសេសធ្វើឡើងនៅកន្លែងដែលមានតម្រូវការជាចាំបាច់។
តួយ៉ាង នៅលើគណនី Instagram លីនដា កូនស្រីពៅរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ នាងបានបង្ហោះរូបភាពច្រើនសន្លឹកបង្ហាញពីការចែកអំណោយដល់អ្នកជំងឺ និង មាតាបិតារបស់ក្មេង ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផារាជធានីភ្នំពេញ។ ជាមួយរូបភាពពោរពេញដោយស្នាមញញឹម នាងបានសរសេរភ្ជាប់ឱ្យដឹងដែរថា នេះគឺជាកម្មវិធីសប្បុរសធម៌ប្រចាំឆ្នាំ ដែលធ្វើឡើងនៅមន្ទីរពេទ្យគន្ធបុប្ផា។ ជាការចូលរួមចំណែកក្នុងបុព្វហេតុដ៏មានអត្ថន័យ ដើម្បីជួយគាំទ្រដល់ការថែទាំសុខភាពកុមារនៅកម្ពុជា។
ថែមលើសពីនេះ លីនដា ក៏បានបង្ហាញខ្លួននៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីធ្វើគម្រោងបរិច្ចាគឈាមជាមួយក្រុមការងារ ដោយប្រមូលបានរហូតដល់ ១១៩ ប្លោក។ នាងបានសរសេរបន្ថែមដែរថា តាមការឱ្យដឹងពីនាយកនៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម មន្ទីរពេទ្យនៅទីក្រុងភ្នំពេញមួយ មានតម្រូវការឈាមរហូតដល់ទៅ ៣៥០ ប្លោកក្នុងមួយថ្ងៃ។ ដូច្នេះគ្រប់តំណក់ឈាមពិតជាមានតម្លៃ។ ការបរិច្ចាគឈាម គឺជាការជួយសង្គ្រោះជីវិត៕