សារព័ត៌មាន CTWANT បានរាយការណ៍ពីរឿងរ៉ាវមួយនៅប្រទេសចិន ដែលមានយាយម្នាក់ឃើញចៅប្រុសចេះតែមិនស្រួលខ្លួន អាណិតចៅពេកក៏បានទៅបេះថ្នាំរុក្ខជាតិនៅតាមផ្លូវមកដាំឱ្យចៅផឹក មានអីចៅពុលរហូតគ្មានសង្ឃឹមនឹងរស់។
តាមព័ត៌មានបានឱ្យដឹងថា ក្មេងប្រុសជាចៅមានវ័យ ៩ ឆ្នាំ គេមានជំងឺអាឡែកហ្ស៊ីច្រមុះមកតាំងពីតូច ធ្វើឱ្យយាយកើតការអាណិតចៅជាខ្លាំង។ ថ្ងៃមួយ យាយបានទៅស្តាប់ឮគេនិយាយពីវិធីព្យាបាលជំងឺដូចនឹងជំងឺរបស់ចៅគាត់ ដោយប្រើប្រាស់ថ្នាំរុក្ខជាតិម្យ៉ាងឈ្មោះថា Xanthium sibiricum ទើបយាយក៏បានទៅដើររកបេះនៅតាមផ្លូវ រួចយកមកដាំផឹកជាមួយចៅ ២ ថ្ងៃជាប់គ្នា។
លុះដល់ថ្ងៃទី ៣ ចៅប្រុសក៏មានអាការប្រកាច់បាត់មាត់បាត់ករហូតដល់ត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ដោយគ្រូពេទ្យបានឱ្យដឹងថា គ្រឿងក្នុងរបស់គេខូចច្រើនណាស់ អាចបណ្តាលមកពីថ្នាំដែលបានដាំផឹកនោះ តម្រូវឱ្យមានការបញ្ជូនទៅមន្ទីរពេទ្យធំជាប្រញាប់ ព្រោះអាការធ្ងន់ធ្ងរខ្លាំងអាចនឹងបាត់បង់ជីវិត។ ដោយឡែក យាយឯណោះវិញក៏បានពុលដូចគ្នា តែអាការមិនធ្ងន់ធ្ងរដូចជាចៅឡើយ ហើយម្តាយរបស់ក្មេងប្រុសនោះ បានឱ្យដឹងថានាងមិនខឹងនឹងម្តាយក្មេកឡើយ ព្រោះគាត់មិនមានចេតនាអាក្រក់ គឺគ្រាន់តែចង់ឱ្យចៅជាសះស្បើយប៉ុណ្ណោះ៕
ប្រភព៖ Kapook