ភ្ញាក់ផ្អើល! តារា TVB ម្នាក់ ធ្វើជាអ្នករត់តុ និង លាងចានឱ្យហាងអាហារមួយកន្លែង មួយខែៗបានកម្រៃជាង ១ ពាន់ដុល្លារ
កាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅ វិបសាយ St Headline បានចេញផ្សាយថា មានមហាជនបានប្រទះឃើញតារាសម្ដែងប្រចាំ TVB លោក Tai Yiu Ming កំពុងរត់តុនៅហាងលក់អាហារមួយកន្លែងក្នុងសង្កាត់ Wong Tai Sin ក្រុងហុងកុង។ តាមវីដេអូដែលថតបាន តារាសម្ដែងប្រុសរូបនេះកំពុងរត់តុ ជូតសម្អាតតុ យកសំរាមបោះចោល និង លាងចានជាដើម។
បើតាមសារព័ត៌មាន HK01 លោក Tai Yiu Ming បាននិយាយថាលោកចាប់ផ្ដើមធ្វើការងារនេះកាលពី ២ សប្ដាហ៍កន្លងទៅ ហើយក្រៅពីការងារទាំងនេះហើយ លោកក៏ឆ្លៀតពេលរៀនផ្នែកជួញដូរ និង ចង់រៀនធ្វើកាហ្វេ និង តែទឹកដោះគោឱ្យស្ទាត់ជំនាញដើម្បីលោកអាចចាប់ផ្ដើមបើកអាជីវកម្មមួយជារបស់ខ្លួនឯងនៅថ្ងៃអនាគត។ លោក Tai Yiu Ming បានទម្លាយទៀតថា ការងារសម្ដែងរបស់លោកគឺមិននឹងនឡើយ ពេលខ្លះមានធ្វើហើយពេលខ្លះក៏អត់ ដូច្នេះហើយលោកត្រូវរកការងារបន្ថែមដើម្បីបានប្រាក់ចំណូល ប៉ុន្តែលោកក៏បានបញ្ជាក់ដែរថាលោកនៅតែសម្ដែងដដែលពេលដែលមានឱកាស។
ពេលរូបភាពរបស់លោកផ្ទុះផ្អើលចែកចាយពេញបណ្ដាញសង្គម លោក Tai Yiu Ming ក៏បានឆ្លើយតបលើបណ្ដាញសង្គម Weibo ដោយជឿជាក់ថា៖ «ខ្ញុំមិនខ្មាសជាមួយមុខរបររបស់ខ្ញុំឡើយ ខ្ញុំមិនបានទៅលួចប្លន់អ្វីឡើយ ខ្ញុំគ្រាន់តែរស់នៅជីវិតមួយដូចគេដូចឯងប៉ុណ្ណោះ»។
គួរឱ្យដឹងថា ជារៀងរាល់ថ្ងៃ លោក Tai Yiu Ming ក្រោកឡើងនៅម៉ោង ៥ ព្រឹក ធ្វើការងារក្នុងហាងរយៈពេលជាង ១០ ម៉ោងក្នុងមួយថ្ងៃៗ។ ពេលធ្វើវេនយប់ លោកចាកចេញពីហាងនៅម៉ោង ១២ យប់។ ការងាររបស់លោកនេះតម្រូវឱ្យឈរច្រើន ដូច្នេះហើយលោកតែងឈឺចង្កេះជាញឹកញាប់ និង តែងតែវិលមុខរាល់ពេលអង្គុយ និង ពេលក្រោកឈរវិញ។ ក្រោយធ្វើការងារមួយនេះបាន ២ សប្ដាហ៍ ទើបលោកដឹងថាការបើកជំនួញម្ហូបអាហារគឺមិនងាយស្រួលឡើយ ហើយលោកក៏ចាប់ផ្ដើមដឹងពីមូលហេតុដែលហាងជាច្រើនត្រូវបិទទ្វារ ព្រោះត្រឹមតែថ្លៃទឹកថ្លៃភ្លើងមួយមុខគឺថ្លៃខ្លាំងបាត់ទៅហើយ។
ប្រាក់ចំណូលពីការរត់តុ លាងចាន និង ចោលសំរាមឱ្យហាងនេះ លោក Tai Yiu Ming ទទួលបានប្រមាណ ៤០០ ដុល្លារហុងកុង (ប្រមាណជាង ៥០ ដុល្លារ) ក្នុងមួយថ្ងៃ។ ការងាររបស់លោក មួយសប្ដាហ៍សម្រាកបាន ១ ថ្ងៃ ហើយបើគិតជាប្រាក់ខែក្នុងមួយខែទទួលបានជាង ១ ម៉ឺនដុល្លារហុងកុង (ប្រមាណ ១២៨៥ ដុល្លារ)។ ចំពោះមធ្យោបាយធ្វើដំណើរទៅធ្វើការវិញ ភាគច្រើនលោកជិះរថភ្លើង ហើយជិះតាក់ស៊ីពេលដែលលោកអស់កម្លាំងខ្លាំងតែប៉ុណ្ណោះ៕