ភ្ញាក់ផ្អើល! Bosco Wong ទម្លាយរឿងព្រឺសម្បុរថា បានជួបពួកអមនុស្សក្នុងសណ្ឋាគារមួយ ពេលទៅថតនៅម៉ាឡេស៊ី
ថ្មីៗនេះ កំពូលតារាសម្ដែងហុងកុងដ៏ល្បី Bosco Wong បានបង្ហាញវត្តមានក្នុងកម្មវិធីកម្សាន្តមួយរបស់ទូរទស្សន៍ TVB ដែលមានឈ្មោះថា «Drive U To The Hell» ដោយក្នុងកម្មវិធីនោះ លោកបានធ្វើការនិយាយទម្លាយពីរឿងរ៉ាវដ៏ព្រឺព្រួចមួយដែលរូបលោកធ្លាប់បានជួបប្រទះ អំឡុងពេលធ្វើដំណើរទៅប្រទេសម៉ាឡេស៊ី។
បើតាមការរៀបរាប់របស់តារាប្រុសមុខមានមន្តស្នេហ៍រូបនេះ បានឱ្យដឹងថា រឿងរ៉ាវដ៏ព្រឺសម្បុរមួយនេះ បានកើតមានឡើងនៅពេលដែលរូបលោក រួមជាមួយតារាសម្ដែង Moses Chan ទៅចូលរួមកម្មវិធីមួយនៅឯប្រទេសម៉ាឡេស៊ី។
នៅទីនោះ រូបលោក និង Moses គឺត្រូវបានក្រុមការងាររៀបចំកន្លែងស្នាក់នៅយ៉ាងល្អបំផុត ដែលស្ថិតក្នុងសណ្ឋាគារដ៏ប្រណីតមួយនាទីក្រុង Ipoh ដោយពួកគេទាំង ២ ត្រូវបានគេរៀបចំឱ្យស្នាក់នៅក្នុងបន្ទប់ដែលនៅជ្រុងកែង។
ជាធម្មតា តាមជំនឿ បន្ទប់នៅកែងជ្រុងបែបនេះ គឺតែងតែជាទីតាំងដែលសម្បូរបំផុតទៅនឹងពពួកអមនុស្សប្រមូលផ្ដុំ ប៉ុន្តែពេលនោះ Bosco គឺអត់មានគិតអីច្រើនទេ ទទួលចូលស្នាក់នៅធម្មតា ព្រោះតែគេរៀបចំឱ្យទៅហើយនោះ។
ទោះជាយ៉ាងណា រឿងហេតុដ៏ព្រឺបះសក់បានកើតមានឡើង នៅពេលដែលលោកឈានជើងចូលក្នុងបន្ទប់។ Bosco គឺចាប់ផ្ដើមមានអារម្មណ៍ដូចមិនស្រណុកក្នុងខ្លួន នៅពេលដែលដើរចូលបន្ទប់នោះ។ ពេលដើរចូលទៅបើកភ្លើង គឺភ្លើងអត់ភ្លឺឡើយ ហើយលោកក៏មិនទាន់ភ័យខ្លាចអីដែរ ដោយគិតថាប្រហែលជាអំពូលហ្នឹងខូច ប៉ុន្តែពេលដែលបន្តដើរចូលទៅទៀត រឿងហេតុគួរឱ្យតក់ស្លុតក៏បានកើតឡើង។ ភ្លាមៗលោកស្រាប់តែឮសូរសំឡេងលាន់ផាំងយ៉ាងខ្លាំង ហើយរំពេចនោះ ស្រាប់តែអំពូលចាប់ផ្ដើមភ្លឺ។
ដោយការភ្ញាក់ផ្អើល Bosco ក៏បានមើលទៅក្រៅបន្ទប់ ហើយក៏ឃើញអង្គរក្សលោកឈរនៅក្រៅទ្វារបន្ទប់ ជាមួយទឹកមុខដ៏ចម្លែក។ ពេលនោះហើយដែលលោកដឹងថាប្រាកដណាស់ពិតជាមានអ្វីមិនស្រួលនៅទីនោះហើយ ទើបលោកទាញកាតាប ហើយចេញពីទីនោះភ្លាម។
អ្វីដែលគួរឱ្យហួសចិត្តជាងនេះទៀតនោះ លោកដើរទៅជល់នឹងតារាសម្ដែង Moses Chan ដែលកំពុងស្នើសុំផ្លាស់ប្ដូរបន្ទប់ដូចគ្នា។ ពួកគេមិននិយាយអ្វីច្រើននោះទេ គ្រាន់តែពួកគេដឹងថា ពួកគេបានជួបប្រទះរឿងគួរឱ្យព្រឺព្រួចដូចគ្នា។ ចុងក្រោយពួកគេក៏បានស្នើសុំស្នាក់នៅបន្ទប់សាមញ្ញធម្មតាវិញ ដោយលើកហេតុផលប្រាប់ខាងសណ្ឋាគារថា ពួកគេមិនចាំបាច់នោះទេក្នុងការប្រើប្រាស់បន្ទប់ធំបែបនេះ សុំត្រឹមធម្មតាៗបានហើយ៕