កំពុងបណ្ដើរឆ្កែលេងក្នុងសួន ស្រាប់តែក្រពើហេមករកខាំ តែជីដូនវ័យ ៨៤ ឆ្នាំមិនតក់ស្លុតស្ទុះចូលវាយវិញដល់ក្រពើរត់
ថ្មីៗនេះ មានរឿងរ៉ាវដ៏គួរឱ្យភ្ញាក់ផ្អើលមួយរបស់ស្រ្តីចំណាស់ជនជាតិអាមេរិក វ័យ ៨៤ ឆ្នាំម្នាក់ ដែលស្ត្រីចំណាស់រូបនេះបានបង្ហាញភាពក្លាហានតស៊ូដាល់ជាមួយក្រពើទាល់តែបែកអំពិលអំពែក ដើម្បីការពារឆ្កែសំណព្វចិត្តរបស់ខ្លួន។
តាមព័ត៌មានបានឱ្យដឹងថា ស្រ្តីចំណាស់ខាងលើជាអ្នករស់នៅរដ្ឋ Florida ហើយនៅថ្ងៃកើតហេតុស្រ្តីរូបនេះបាននាំសត្វឆ្កែសំណព្វចិត្តទៅលេងនៅសួនសារធាណៈក្បែរផ្ទះ។ ខណៈដើរដល់អាងទឹកមួយ ស្រាប់តែមានក្រពើប្រវែងប្រហែល ២.២ ម៉ែត្រ បានស្ទុះមករក ធ្វើស្រ្តីរូបនេះមានការភ្ញាក់ផ្អើលជាខ្លាំង។ ភ្លាមៗស្រ្តីរូបនេះបានបោះសត្វឆ្កែខ្លួនទៅម្ខាង រួចក៏បានដាល់សត្វក្រពើម្តងហើយម្តងទៀត រហូតទាល់តែរត់គេចទៅបាត់។
តាមព័ត៌មានបានឱ្យដឹងបន្តទៀតថា ស្រ្តីរូបនេះបានរងរបួសធ្ងន់នៅត្រង់ដៃ និង ជើង ដោយសារសត្វក្រពើខាំ ហើយក៏ត្រូវបានគេបញ្ជូនទៅសង្រ្គោះនៅឯមន្ទីរពេទ្យផងដែរ។ ដោយឡែក ថ្វីដ្បិតតែរបួសកាយពិតមែន ប៉ុន្តែស្រ្តីរូបនេះហាក់ដូចជាមិនព្រួយបារម្ភ ឬ ភិតភ័យអ្វីចំពោះខ្លួនឯងបន្តិចសោះ ពោលគឺនឹកបារម្ភ និង ចង់តែជួបឆ្កែសំណព្វចិត្តទៅវិញ៕
ប្រភព៖ Khoasod