កើតមកខុសធម្មជាតិ! Nean Nean បវរកញ្ញាភេទទី ៣ រតនៈគីរី ឆ្លងកាត់ពាក្យសម្ដីមាក់ងាយជាច្រើន
ស្របពេល កម្មវិធីប្រកួត Miss Queen Cambodia 2024 កំពុងចាប់ផ្ដើមដំណើរការជ្រើសរើសបេក្ខភាពភេទទី ៣ ចូលរួមប្រកួតប្រជែងសម្រស់ហើយនោះ មហាជនក៏បានឃើញមានវត្តមានរបស់បេក្ខភាពជាច្រើនសុទ្ធសឹងតែមានរូបសម្រស់ស្រស់ស្អាត ព្រមទាំងមានសមត្ថភាព និង ទេពកោសល្យរៀងៗខ្លួនចូលរួម។
ក្នុងនោះ ក្រឡេកទៅមើលបេក្ខភាពបវរកញ្ញាភេទទី ៣ មួយរូប ដែលមានឈ្មោះថា Nean Nean អាយុ ២៩ ឆ្នាំ តំណាងឱ្យខេត្តរតនៈគិរី កំពុងធ្វើឱ្យមហាជនអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍ និង សរសើរខ្លាំងជាមួយនឹងរូបសម្រស់របស់នាង ដែលមានរូបរាង មុខមាត់ស្រស់ស្អាតទាក់ទាញខ្លាំង។ ជាមួយគ្នានេះ ឃើញថាគ្រាន់តែកម្មវិធីបើកបង្ហាញមុខបេក្ខភាពរូបនេះភ្លាម ហាក់មានសន្ទុះនៃការចាប់អារម្មណ៍ និង គាំទ្រខ្លាំងពីមហាជនអ្នកលេងបណ្ដាញសង្គម ដែលបានចែករំលែក និង បញ្ចេញមតិបង្ហាញការគាំទ្រលើកទឹកចិត្ត ព្រមទាំងរំពឹងខ្ពស់ចំពោះរូបនាងថានឹងអាចទទួលបានជ័យលាភីគ្រងមកុដប្រចាំឆ្នាំ ២០២៤ នេះ។
ស្របពេលប្រជាប្រិយភាពកំពុងទទួលបានការចាប់អារម្មណ៍ ថ្មីៗនេះ Nean Nean បានបង្ហោះសារមួយឃ្លា រៀបរាប់ពីរឿងរ៉ាវក្នុងនាមជាភេទទី ៣ ត្រូវបានរងការមាក់ងាយ ប្រើពាក្យមិនសមរម្យទម្រាំមានថ្ងៃនេះថា៖ «ធ្វើប្រុសមិនចង់ ទៅចង់ធ្វើស្រី? មកពីដើរជាមួយពួកខ្ទើយ ចឹងបានវាចឹង! ពួកចឹងពួកត្លុកទេ បានតែធ្វើឱ្យគេសើច អត់ប្រយោជន៍! អត់កូនឱ្យគេផង អ្នកណាយកហែងជាប់? មិនដឹងធ្វើស្អីខ្លះទេ កែឡើងសុះសាច់ ហែងរស់បានប៉ុន្មាន? សុទ្ធតែគីមី!»។
លើសពីនោះ Nean Nean បានបន្ថែមទៀតថា៖ «ជីវិតមួយនេះ មិនមែនកើតមកតម្រូវតាមមាត់មនុស្សគ្រប់គ្នា ហើយការធ្វើបែបនេះក៏មិនមានសង្គមណាអាចមកអូសទាញបានដែរ តែវាជាការស្រឡាញ់ វាជាក្តីស្រមៃ ដែលតែងតែចង់បានទម្រាំបានដើរដល់ចំណុចមួយនេះ ជម្នះព្រេងវាសនា នៃធម្មជាតិបែបនេះ សួរថាតើត្រូវជួបឧបសគ្គអ្វីខ្លះ? ការយកចិត្តទុកដាក់ទៅលើអ្វី ដែលអ្នកដទៃគិត អ្នកនឹងក្លាយជាអ្នកទោសរបស់ពួកគេជានិច្ច! ចូរប្រើជីវិតខ្លួនឯងដោយមានន័យតាម សម្មាអាជីវោ ដោយមិនបៀតបៀនអ្នកដទៃ»៕