ត្រូវឆ្នោតជាង ៣ លានដុល្លារ តែបែរជាអង្គុយខូចចិត្តស្ដាយក្រោយ ព្រោះចេញពីផ្ទះមិនកើត
ជាធម្មតាមនុស្សភាគច្រើនតែងមានអារម្មណ៍រំភើបក្រោយ ក្រោយត្រូវឆ្នោតរង្វាន់ធំ ជាពិសេសបើបានឈ្នះដល់លុយខ្ទង់លានដុល្លារ ផ្ទុយទៅវិញបុរសជនជាតិឥណ្ឌាម្នាក់ បែរជាមកអង្គុយស្ដាយក្រោយក្រោយត្រូវឆ្នោត ៣ លានដុល្លារទៅវិញ។
បុរសម្នាក់មានឈ្មោះថា Anoop បានរាយការណ៍ប្រាប់សារព័ត៌មាន BBC ថា៖ «ខ្ញុំសោកស្តាយណាស់ បើដឹងថាមានរឿងនេះកើតឡើងខ្ញុំសុំមិនឈ្នះឆ្នោតធំទេ ប្រហែលជាត្រឹមរង្វាន់ទី ៣ អីក៏មានជីវិតប្រសើរជាងនេះដែរ ព្រោះក្រោយពីខ្ញុំឈ្នះរង្វាន់ជីវិត និងសេរីភាពខ្ញុំបានផ្លាស់ប្ដូរ មានមនុស្សជាច្រើនបានមកឡោមព័ទ្ធជុំវិញផ្ទះខ្ញុំ មិនត្រឹមតែអ្នកសារព័ត៌មានទេ សូម្បីតែមនុស្សប្លែកមុខជាច្រើនក៏បានមករកខ្ញុំដែរ ដើម្បីស្នើសុំជំនួយផ្សេងៗ»។
«ខ្ញុំមិនអាចចេញពីផ្ទះបាន ហើយសូម្បីតែកូនខ្ញុំឈឺក៏មិនអាចនាំទៅពេទ្យបានដែរ ព្រោះតែមនុស្សរោមជុំជិតពេញផ្ទះ។ ហើយអ្វីដែលហួសចិត្តគឺខ្ញុំមិនទាន់ទទួលបានប្រាក់រង្វាន់នោះនៅឡើយទេ ដោយរដ្ឋាភិបាលត្រូវធ្វើការកាត់ពន្ធជាមុនសិន តែទោះខ្ញុំប្រាប់យ៉ាងណាក៏គ្មានអ្នកជឿខ្ញុំដែរ»។
គួរបញ្ជាក់ឱ្យដឹងដែរថាប្រាក់រង្វាន់ដែល Anoop ឈ្នះគឺចំនួន ២៥០ លានរូពី (ប្រមាណ ៣ លានដុល្លារ) តែ Anoop នឹងទទួលបានត្រឹម ១៥០ លានរូពី (ប្រមាណ ១ លាន ៨ សែនដុល្លារ) ប៉ុណ្ណោះក្រោយពេលកាត់ពន្ធរួច ដោយរដ្ឋាភិបាលនឹងធ្វើការផ្ទេរប្រាក់ចូលគណនីលោកដោយផ្ទាល់ ដើម្បីការពារសុវត្ថិភាពលោក និងក្រុមគ្រួសារ៕