ខណៈរដូវផ្លែបំពេញរាជ្យកំពុងឱ្យផល អ្នកនិយមចូលចិត្តគ្រឿងម្ជូរបានច្នៃផ្លែបំពេញរាជ្យញុំាទៅតាមការចូលចិត្តដូចជា ត្រាំ ប្រឡាក់ ឬចិតហូបស្រស់ជាដើម។ ផ្លែបំពេញរាជ្យឆ្ងាញ់បំផុតនៅត្រង់គ្រាប់របស់វា តែការដែលញុំាលេបទាំងគ្រាប់ វាអាចបង្កផលប៉ះពាល់ដល់សុខភាព ឬអាចរហូតគ្រោះថ្នាក់ដល់ជីវិតផងដែរ។
តាមការរៀបរាប់របស់មន្ទីរពេទ្យកាល់ម៉ែត បានឱ្យដឹងថា ផ្លែបំពេញរាជ្យ ឬភាសានិយាយហៅ ផ្លែកំពីងរាជ្យ (Scientific name: Sandoricum koetjape, English name: Santol, Wild mangosteen) គឺជាប្រភេទផ្លែឈើមួយដែលប្រជាពលរដ្ឋកម្ពុជាស្គាល់ និងនិយមទទួលទានសឹងគ្រប់ៗគ្នា ប៉ុន្តែបងប្អូនពិតជាមិនសូវចាប់អារម្មណ៍ថាការបរិភាគផ្លែឈើនេះទាំងគ្រាប់អាចបង្កឱ្យមានផលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ឬអាចបង្កជាគ្រោះថ្នាក់រហូតដល់ចាំបាច់ត្រូវព្យាបាលដោយការវះកាត់ទៀតផង។
ក. តើប្រព័ន្ធរំលាយអាហាររបស់មនុស្សអាចរំលាយ ឬកិនបំបែកគ្រាប់ផ្លែបំពេញរាជ្យនេះបានដែរឬទេ?
ជាធម្មតាគ្រាប់ផ្លែបំពេញរាជ្យមិនអាចរំលាយឬកិនបំបែក ដោយសារទឹកអាស៊ីតក្រពះ និងសរីរាង្គផ្សេងៗនៃប្រព័ន្ធរំលាយអាហាររបស់មនុស្សបានឡើយ។ គ្រាប់ផ្លែនេះនឹងត្រូវបន្តបញ្ជូនទៅតាមពោះវៀនតូច ហើយមកស្តុកទុកចុងបញ្ចប់ក្នុងផ្នែកខាងចុងនៃពោះវៀនធំ (Rectum និង Sigmoïde) មុនបន្ទោបង់ចេញមកជាមួយលាមក។
ខ. ផលវិបាកដែលបង្កឡើងដោយគ្រាប់ផ្លែបំពេញរាជ្យក្នុងប្រព័ន្ធរំលាយអាហារមនុស្ស ៖
– រំខានដល់ការរំលាយអាហារ និងចលនាបញ្ជូនចំណីក្នុងក្រពះពោះវៀនដែលធ្វើឱ្យមានអាការៈ ឆាប់ឆ្អែត ចុកឆ្អល់ ឈឺពោះមួល ចង្អោរ ឬក្អួតជាដើម។
– បង្កឱ្យរលាកតាមផ្លូវរំលាយអាហារដែលមានអាការៈ ចុកពោះ រាគមួល និងគ្រុនក្ដៅ។
– បង្កឱ្យលាមករឹងក្ដៀន ពិបាកបន្ទោបង់។
គ. ផលវិបាកធ្ងន់ធ្ងរ៖
១. គ្រាប់បំពេញរាជ្យកកស្ទះយូរក្នុងពោះវៀនធំ ដែលនៅលាយឡំនឹងលាមកក្ដៀនបង្កឱ្យពោះវៀនបាត់បង់សមត្ថភាពរុញកាកសំណល់ចេញមកក្រៅ ធ្វើឱ្យអ្នកជំងឺមិនអាចជុះលាមកច្រើនថ្ងៃ រហូតដល់តឹងពោះខ្លាំង ហូបមិនបាន និងមានការក្អួតខ្លាំងក្រោយហូបអាហារ។
២. គ្រាប់បំពេញរាជ្យដែលកកស្ទះយូរក្នុងពោះវៀន បានកកិតនឹងភ្នាសពោះវៀនដែលកំពុងរលាក គឺអាចបង្កឱ្យមានការចាក់មុតធ្លុះដាច់ធ្លាយពោះវៀនសាយភាយលាមក និងមេរោគ បណ្ដាលឱ្យរលាកស្រោមពោះធ្ងន់ធ្ងរ(Péritonite) ដែលពេលខ្លះការមកដល់មន្ទីរពេទ្យយឺតយ៉ាវរបស់អ្នកជំងឺ ធ្វើឱ្យមានការលំបាកក្នុងការសង្រ្គោះអាយុជីវិត ទោះបីបានព្យាបាលដោយការវះកាត់ក៏ដោយ។
ឃ. ជាទូទៅផលវិបាកធ្ងន់ធ្ងរទាំងនេះងាយកើតលើបុគ្គល៖
– មនុស្សវ័យចំណាស់ ដែលមានប្រព័ន្ធរំលាយអាហារខ្សោយស្រាប់។
– មនុស្សមានជំងឺផ្លូវរំលាយអាហារស្រាប់ អ្នកឧស្សាហ៍ក្ដៀនលាមកដែលជារឿយៗពិបាកបន្ទោបង់។
– មនុស្សមានជំងឺប្រចាំកាយ និងប្រព័ន្ធភាពសាំចុះខ្សោយដែលងាយឆ្លងរោគ ហើយងាយរលាកផ្លូវអាហារ ដូចជាអ្នកកើតជំងឺទឹកនោមផ្អែម និងអ្នកកើតជំងឺឱកាសនិយមផ្សេងៗជាដើម។
– មនុស្សប្រើថ្នាំជំងឺប្រចាំកាយស្រាប់មួយចំនួន ដែលថ្នាំខ្លះមានសកម្មភាពឱ្យចលនាពោះវៀនថយចុះ (ថ្នាំមួយចំនួនក្នុងជំងឺប្រព័ន្ធប្រសាទ និងជំងឺផ្លូវចិត្ត)។
ង. វិធីព្យាបាលផលវិបាកនៃការលេបគ្រាប់ផ្លែបំពេញរាជ្យ៖
– ក្នុងករណីហូបគ្រាប់ផ្លែបំពេញរាជ្យចំនួនតិច អាចបង្កផលវិបាកកម្រិតស្រាល ដែលទាមទារការព្យាបាលដោយប្រើថ្នាំបន្ទន់លាមក ក្នុងគោលបំណងឱ្យបានបន្ទោបង់គ្រាប់បំពេញរាជ្យទាំងនោះចេញមកវិញ។
– តែផ្ទុយទៅវិញ ក្នុងករណីអ្នកជំងឺមានផលវិបាកធ្ងន់ធ្ងរទាំងពីរដូចបានរៀបរាប់ខាងលើ គឺចាំបាច់ព្យាបាលដោយការវះកាត់ក្នុងគោលបំណងយកគ្រាប់ផ្លែបំពេញរាជ្យ និងលាមកដែលកកស្ទះក្នុងពោះវៀនចេញ ហើយលាងសម្អាតស្រោមពោះ ព្រមទាំងវះកាត់ពោះវៀនធ្លាយទៅតាមក្បួនវេជ្ជសាស្រ្ត។
ដូចនេះសូមបងប្អូនមេត្តាកុំបរិភោគគ្រាប់ផ្លែឈើធំៗ ដែលមិនអាចរំលាយក្នុងប្រព័ន្ធរំលាយអាហារមនុស្សយើងបាន ដូចជាគ្រាប់ផ្លែបំពេញរាជ្យនេះជាដើម ដើម្បីចៀសវាងផលប៉ះពាល់ដល់សុខភាព និងគ្រោះថ្នាក់ដល់អាយុជីវិត៕