អំឡុងត្រីមាសទី ២ ស្ត្រីពពោះ គួរបរិភោគសារធាតុចិញ្ចឹម ៤ ប្រភេទនេះ ដើម្បីបំប៉នកូនក្នុងផ្ទៃកាន់តែមានសុខភាពល្អ
ជាការពិតណាស់ ក្រោយពីដឹងដំណឹងពពោះហើយនោះ អ្នកម៉ាក់ៗតែងតែចាប់ផ្តើមមើលថែសុខភាព និង ស្វែងរកថ្នាំ ក៏ដូចជាអាហារបំប៉នជាច្រើន ដើម្បីមើលថែគក៌យ៉ាងពិសេស។
យ៉ាងណាមិញ ឈានដល់ការពពោះត្រីមាសទី ២ ពោលគឺ ក្នុងសប្តាហ៍ទី ១៣ ដល់ទី ២៧ ក៏ជាពេលវេលាមួយដ៏សំខាន់ ដែលស្ត្រីមានផ្ទៃពោះ គួរតែបន្ថែមនូវសារធាតុចិញ្ចឹម និង បំប៉នបន្ថែមទៀតលើសស្ត្រីធម្មតា ក៏ព្រោះដល់វេលានេះជាពេលកាន់តែពិសេស ដែលកូនក្នុងផ្ទៃត្រូវការ។
ខាងក្រោមនេះ គឺជាអាហារបំប៉ន ៤ ប្រភេទ ដែលមានសារធាតុចិញ្ចឹមល្អ ដែលម៉ាក់ៗគួរញុំាអំឡុងត្រីមាសទី ២ និង ទី ៣
១. ត្រី សាច់ ស៊ុត និង សណ្តែក
ត្រី សាច់ ស៊ុត និង សណ្តែក ជាក្រុមអាហារ ដែលសម្បូរប្រូតេអ៊ីនច្រើនបំផុត ហើយក៏មានវីតាមីន B និង ជាតិដែកផងដែរ។ ជាតិប្រូតេអ៊ីន ដែលជាប្រភពនៃអាមីណូអាស៊ីដ មានតួនាទីសម្រាប់ចិញ្ចឹមសរីរាង្គកាយស្ត្រីមានផ្ទៃពោះ និង កូនក្នុងផ្ទៃឱ្យលូតលាស់ល្អ ជាពិសេសជួយដល់ការវិវត្តខួរក្បាលរបស់ទារក។
យ៉ាងណាស្ត្រីមានផ្ទៃពោះត្រូវចៀសវាងការញ៉ាំសាច់ ស៊ុតចម្អិនមិនបានឆ្អិនល្អ ឬស៊ុតឆៅ ព្រោះអាចប្រឈមនឹងពពួកប៉ារ៉ាស៊ីត បាក់តេរី ឬមេរោគអីមួយចំនួន ធ្វើឲ្យប៉ះពាល់ដល់សុខភាពម្តាយ និង កូនក្នុងផ្ទៃ។ ក្នុងនោះគ្រូពេទ្យនាំណែនាំស្ត្រីពពោះ ញ៉ាំប្រភេទត្រីសមុទ្រ ដែលសម្បូរដោយអាស៊ីដខ្លាញ់ អូមេហ្កា៣ ដែលជួយដល់ការលូតលាស់ខួរក្បាលកូន តែត្រូវចៀសវាងត្រីដែលមានជាតិបារ៉តខ្ពស់ដូចជា ត្រីដាវ ត្រីឆ្លាម ជាដើម។
២. បន្លែ និងផ្លែឈើ
បន្លែ និង ផ្លែឈើ ពិតជាល្អខ្លាំងណាស់សម្រាប់ស្ត្រីមានផ្ទៃពោះ វាផ្តល់នូវវីតាមីន សារធាតុរ៉ែ និង ជាតិកាកសរសៃ សម្រួលការរំលាយអាហារ និង កាត់បន្ថយបញ្ហាទល់លាមក។ វីតាមីន C ក្នុងផ្លែឈើ និង បន្លែ ដូចជា ក្រូច ប៉េងប៉ោះ ល្ហុង ម្នាស់ Broccoli ស្ពៃក្តោប ជួយឱ្យស្រូបយកជាតិដែកបានកាន់តែច្រើន ខណៈរាងកាយស្ត្រីពពោះត្រូវការជាតិដែកទ្វេដង។ ចំណែកឯបន្លែពណ៌បៃតងចាស់ សម្បូរទៅដោយវីតាមីន A ជាតិដែក អាស៊ីដហ្វូលិក និង វីតាមីនដទៃទៀត ដែលស្ត្រីមានផ្ទៃពោះមិនអាចខ្វះបាន។ ជាតិដែក ជួយគ្រាប់ឈាមក្រហម ខណៈអាស៊ីដហ្វូលីក ជួយការពារគភ៌ពីបញ្ហាពិការពីកំណើត។
ស្ត្រីពពោះត្រូវការអាស៊ីដហ្វូលិក ប្រមាណ ៦០០ មីក្រូក្រាម (Mcg) ក្នុងមួយថ្ងៃ ពេលមានផ្ទៃ។ បរិមាណនេះ ស្រីៗមានផ្ទៃពោះអាចញ៉ាំបន្លែស្ពៃឆ្អិន ២កូនចាន។
៣. ទឹកដោះគោ
ជាតិកាល់ស្យូម ដែលមាននៅក្នុងទឹកដោះគោ យ៉ាអួរ សណ្តែកសៀង តៅហ៊ូ និង បន្លែបៃតង ជួយឱ្យឆ្អឹង និង ធ្មេញកូនក្នុងផ្ទៃរឹងមាំ រីឯម៉ាក់ៗមិនសូវប្រឈមនឹងជំងឺពុកឆ្អឹងទៅថ្ងៃក្រោយ។ ក្រៅពីនោះទឹកដោះគោ និង ផលិតផលផលិតពីទឹកដោះគោក៏មានវីតាមីន D និង ប្រូតេអ៊ីនផងដែរ។
ស្ត្រីពពោះត្រូវការបរិមាណកាល់ស្យូម ១,២០០ មិល្លីក្រាម (mg) ក្នុងមួយថ្ងៃ នៅត្រីមាសទី៣ ដែលបរិមាណកាល់ស្យូមនេះ អាចមាននៅក្នុងទឹកដោះគោ ៣-៤ កែវ។
៤. ធញ្ញជាតិ
គ្រាប់ធញ្ញជាតិ ពិសេសគ្រាប់ធញ្ញជាតិទាំងមូល មានអង្ករសម្រូប ស្រូវសាលី និង គ្រាប់ធញ្ញជាតិផ្សេងទៀត ផ្តល់នូវជាតិកាបូអ៊ីដ្រាត ដែលជាប្រភពថាមពលដ៏សំខាន់របស់រាងកាយ។ ផលិតផលគ្រាប់ធញ្ញជាតិ និង គ្រាប់ធញ្ញជាតិ ក៏មានជាតិសរសៃ ជាតិដែក វីតាមីន B និង សារធាតុរ៉ែផ្សេងៗ ដែលជាតម្រូវការចាំបាច់សម្រាស់ស្ត្រីមានផ្ទៃពោះ។
ស្រ្តីមានផ្ទៃពោះ ដែលមានសុខភាពធម្មតា ត្រូវការបរិមាណជាតិដែកប្រមាណ ១០០ មិល្លីក្រាម (mg) ក្នុងមួយថ្ងៃ នៅត្រីមាសទី២ ឯស្ត្រីមានផ្ទៃពោះ ដែលមានសភាពស្លេកស្លាំងត្រូវការបរិមាណច្រើនជាងនេះ៕
ប្រភព៖ medicalnewstoday