គ្រាន់តែ វណ្ណដា បង្អួតសាច់ដុំកង់ៗតែបន្តិច ហ្វេនៗនាំគ្នាចូលបញ្ចេញមតិព្រោងព្រាត
អ្នកគាំទ្រសុទ្ធសឹងតែបានដឹងហើយថា តារាចម្រៀងរ៉េបវ័យក្មេងដ៏ល្បីល្បាញ លោក វណ្ណដា មានសមត្ថភាពខ្ពស់ក្នុងវិស័យចម្រៀង ទាំងការច្រៀងរ៉េប និពន្ធបទចម្រៀង បទភ្លេង និង បង្កើតស្នាដៃបទចម្រៀងថ្មីៗ ទទួលបានការគាំទ្រខ្លាំងពីមហាជនខ្មែរ ព្រមទាំងល្បីល្បាញសុសសាយដល់ក្រៅប្រទេសទៀតផង។
ក្រឡេកទៅមើលរឿងរ៉ាវជីវិតឯកជនរបស់តារាចម្រៀងរ៉េបរូបនេះវិញ ក៏មានមហាជនជាច្រើនតាមដានចង់ដឹងពីសកម្មភាពនានារបស់លោក តាមបណ្តាញសង្គមហ្វេសប៊ុក IG និង Youtube ជាដើម។ ក្នុងនោះ គេសង្កេតឃើញសឹងតែគ្រប់វីដេអូ សារជាអក្សរ ឬ រូបភាពរបស់លោក វណ្ណដា ដែលបានបង្ហោះលើផេកហ្វេសប៊ុកម្តងៗ គឺបានជះឥទ្ធិពលយ៉ាងខ្លាំងដល់អ្នកគាំទ្រ ដោយមានអ្នកចុចចូលចិត្ត ចូលបញ្ចេញមតិ និង ចែករំលែកដល់ខ្ទង់រាប់ម៉ឺននាក់ក៏មាន។
ថ្មីៗនេះរូបភាពរបស់តារាចម្រៀងរ៉េប វណ្ណដា លើឆាកប្រគំតន្ត្រីនៅឯខេត្តសៀមរាប កាលពីបុណ្យចូលឆ្នាំប្រពៃណីខ្មែរកន្លងទៅ បានផុសឡើងលើផេកហ្វេសប៊ុកផ្លូវការរបស់លោក ធ្វើឱ្យមហាជនអ្នកគាំទ្រ ជាពិសេសហ្វេននារីៗចូលទៅបញ្ចេញមតិ និង ចែករំលែករូបភាពមិនតិចនោះទេ។ ក្នុងនោះរូបភាពដែលបង្ហាញសាច់ដុំកង់ៗរបស់ វណ្ណដា ធ្វើឱ្យអ្នកគាំទ្រជាច្រើនចំហភ្នែកមើលភាពស្រស់សង្ហារបស់លោកសឹងមិនហ៊ានប៉ប្រិចភ្នែកទេ៕