អាណិតខ្លោចចិត្ត! ឆ្កែមួយក្បាល ខូចចិត្តក្បែរមឈូសរបស់ម្ចាស់ បាយមិននឹកទឹកមិនស្រេករហូតង-ា/ប់ទៅតាមម្ចាស់
រឿងរ៉ាវដ៏រំជួលចិត្តមួយបានកើតមានឡើងក្នុងប្រទេសថៃ ដោយមានសត្វឆ្កែមួយក្បាលស៊ូស្លាប់ទៅតាមម្ចាស់ ក្រោយនឹកម្ចាស់ខ្លាំងពេករហូតយំសស្រាក់ក្បែរមឈូសរហូតដល់ដង្ហើមចុងក្រោយ។
តាមការចេញផ្សាយដោយសារព័ត៌មាន Matichon Online បានឱ្យដឹងថា ហេតុការណ៍មួយនេះដែរកើតមានឡើងកាលពីថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅ នាខេត្ត Kamphaeng Phet ប្រទេសថៃ ខណៈពេលដែលកំពុងធ្វើពិធីបុណ្យសពរបស់ស្ត្រីវ័យ ៧៥ ឆ្នាំម្នាក់។ ឆ្កែសំណព្វរបស់ស្ត្រីដែលបានស្លាប់ទៅនោះមានឈ្មោះថា Judo ដោយវាត្រូវបានគាត់ចិញ្ចឹមតាំងពីតូចមកម្ល៉េះ។
វាស្រឡាញ់គាត់ខ្លាំងមែនទែន រហូតសូម្បីតែពេលគាត់ធ្លាក់ខ្លួនឈឺធ្ងន់នៅមន្ទីរពេទ្យវាក៏តាមទៅជាប់មិនឃ្លាតឆ្ងាយឡើយ រហូតដល់ពេលគាត់លាចាកលោកទៅ វាក៏ខូចចិត្តនឹកម្ចាស់ខ្លាំងរហូតលែងស៊ីបាយលែងផឹកទឹក។ ដល់ថ្ងៃរៀបចំពិធីបុណ្យសព សត្វឆ្កែ Judo ក៏បានដេកក្រាបលើឥដ្ឋក្បែរមឈូសរបស់ម្ចាស់ជាមួយស្នាមទឹកភ្នែកហូរចុះមកសស្រាក់ពេញមុខ។ ដោយក្ដីអាណិត និង រំជួលចិត្តចំពោះ Judo អ្នកចូលរួមបុណ្យសពបានយកក្រដាសជូតទឹកភ្នែកឱ្យវា និង ចង់ទៅជួយលួងលោមវាប៉ុន្តែមិនទទួលបានផលឡើយ។
មិនយូរប៉ុន្មាន Judo ក៏បានឈានដល់ដង្ហើមចុងក្រោយហើយក៏បានស្លាប់ក្បែរមឈូសរបស់ម្ចាស់វាទៅ។ សាកសពរបស់វាត្រូវបានក្រុមគ្រួសារសពយកទៅកប់នៅក្រោយផ្ទះ។ កូនស្រីរបស់ស្ត្រីដែលបានស្លាប់បានជឿជាក់ថា ម្ដាយរបស់នាងសម្រេចចិត្តយកឆ្កែសំណព្វរបស់គាត់ទៅតាមដោយសារតែចំណងទំនាក់ទំនងរបស់គាត់ និង ឆ្កែគឺរឹងមាំខ្លាំងរហូតមិនអាចខ្វះគ្នាបាន៕
ប្រភព៖ World Of Buzz