Ploy ហ៊ានប្រាប់ ពីភាពខុសគ្នារវាងពេលនាងស្រឡាញ់មនុស្សប្រុស និង ពេលនាងស្រឡាញ់មនុស្សស្រី
មកទល់ពេលនេះអស់រយៈពេលជិត ១ ឆ្នាំទៅហើយ ដែលតារាស្រី Ploy Chermarn និង Claudine បានបង្ហើបពីទំនាក់ទំនង ក៏ដូចជារូបភាពផ្អែមល្ហែមរបស់អ្នកទាំងពីរឱ្យមហាជនបានឃើញនោះ។
អ្វីដែលមហាជនចាប់អារម្មណ៍នោះ ថ្មីៗនេះក្រោយសំងំសាងក្តីសុខលើទឹកដីអាមេរិកអស់ពេលជាច្រើនខែមក ពេលនេះ Ploy បានចេញមុខផ្តល់បទសម្ភាសមួយទាក់ទងទៅនឹងរឿងរ៉ាវស្នេហ៍របស់នាងជាមួយគូស្នេហ៍ស្រីដូចគ្នា។
លើសពីនេះទៅទៀត ខណៈកំពុងផ្តល់បទសម្ភាស តារាស្រី Ploy Chermarn ក៏បានទម្លាយដោយមិនលាក់បាំងទៀតផង ជុំវិញរឿងរ៉ាវស្នេហារបស់នាង។ ជាពិសេស ក្នុងនោះ នាងថែមទាំងបានទម្លាយពីអារម្មណ៍ស្រឡាញ់រវាងជាមួយមនុស្សប្រុស និង មនុស្សស្រីទៀតផង។ ជាក់ស្តែង នាងបានទម្លាយអារម្មណ៍មួយនោះថា ការស្រឡាញ់រវាងមនុស្សប្រុស និង មនុស្សស្រីមិនដូចគ្នាទេ នាងមានអារម្មណ៍ថា ការស្រឡាញ់រវាងស្រី និង ស្រីដូចគ្នា គឺយល់ចិត្តគ្នាជាងបុរស។ ជាពិសេស ក្នុងពេលតែមួយក្នុងក្តីស្រឡាញ់មួយនោះ វាបានទាំងស្នេហា និង មិត្តយល់ចិត្ត។
លើសពីនេះទៅទៀត នាងក៏បានបន្តថា អ្វីដែលពិសេស នាង និង គូស្នេហ៍ជាមនុស្សស្រីដូចគ្នា សក់វែងដូចគ្នា ស្តាយ៍ការតុបតែងខ្លួនអត្តចរិតស្រដៀងគ្នា ចូលចិត្តស្តាប់ភ្លេង តន្រ្តី ដើរកម្សាន្ត ដូចគ្នា រហូតនាងមានអារម្មណ៍ថា ក្តីស្រឡាញ់មួយនេះអាចចូលគ្នាចុះ និង យល់ចិត្តគ្នាច្បាស់ទៀតផង។
គួរបញ្ចាក់ដែរថា ពេលនេះគ្រួសារទាំងសងខាងរបស់អ្នកទាំងពីរក៏បានជ្រាបហើយដែរ ពីទំនាក់ទំនងស្នេហាមួយនេះ។ មិនតែប៉ុណ្ណោះ ខាងគ្រួសាររបស់អ្នកពីរ ហាក់ពុំមានការជំទាស់នោះឡើយ។ ចំណែកឯមហាជន ក៏បន្តគាទ្រគូស្នេហ៍របស់អ្នកទាំងពីរយ៉ាងពេញចិត្ត ព្រមទាំងសង្ឃឹមថា ក្ដីស្រឡាញ់មួយនេះ អាចនឹងបានស្ថិតស្ថេរយូរអង្វែង៕
ប្រភព៖ Thairath