មុនណាត់សង្សារមើលអាកាសធាតុផង! ក្រសួងព្យាករណ៍ថ្ងៃនេះ នៅភ្នំពេញ និង ខេត្តចំនួន ៩ អាចមានភ្លៀងធ្លាក់គ្របដណ្ដប់ផ្ទៃដី ៣០%
នៅព្រឹកថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៤ នេះ ក្រសួងធនធានទឹក និង ឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ឱ្យបានដឹងថា សម្ពាធទាបដែលកើតនៅសមុទ្រចិនខាងត្បូងបានវិវត្តទៅជាព្យុះទី ២៦ ឈ្មោះប៉ាប៊ូក (Pabuk) មានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន និង គ្របដណ្តប់លើអាងទន្លេមេគង្គ ព្រះរាជាណាចក្រកម្ពុជា និង ឈូងសមុទ្រថៃ។ សូមបញ្ជាក់ថា ព្យុះនេះពុំមានឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជានោះទេ។
ក្នុងនោះ ក្រសួងធនធានទឹក និង ឧតុនិយម បានបញ្ជាក់ឱ្យដឹងថា ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៤ មានលក្ខណៈដូចតទៅ ៖
១. តំបន់វាលទំនាប
សីតុណ្ហភាពមធ្យមអប្បបរមា ២០°C និង សីតុណ្ហភាពមធ្យមអតិបរមា ៣២°C។ ខ្យល់បក់មកពីទិសឦសាន និង អាគ្នេយ៍មានល្បឿនមធ្យម ៥ ម៉ែត្រ/វិនាទី។ ខេត្តពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និង ភ្នំពេញ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី ៣០%។
២. តំបន់ខ្ពង់រាប
សីតុណ្ហភាពមធ្យមអប្បបរមា ១៨°C និង សីតុណ្ហភាពមធ្យមអតិបរមា ៣១°C។ ខ្យល់បក់មកពីទិសឦសាន និង បូព៌មានល្បឿនមធ្យម ៥ ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ក្រចេះ មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និង ជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី ១៥%។
៣. តំបន់មាត់សមុទ្រ
– សីតុណ្ហភាពមធ្យមអប្បបរមា ២០°C និង សីតុណ្ហភាពមធ្យមអតិបរមា ៣២°C។ ខ្យល់បក់មកពីទិសឦសាន និង អាគ្នេយ៍ មានល្បឿនមធ្យម ៥ ម៉ែត្រ/វិនាទី។ ខេត្តព្រះសីហនុ កំពត កែប និង ជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី ២០%។
– រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ១ ម៉ែត្រ និង កម្ពស់មធ្យមអតិបរមា ២,៧៥ ម៉ែត្រ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖