ក្ដៅៗ! ហង្ស សុជាតា ផុសសារបកស្រាយ ពាក់ព័ន្ធករណីប៉ូលិសឃាត់ខ្លួនទៅប៉ុស្ដិ៍យប់មិញ
នៅយប់ថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២៤ យប់មិញនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម នាំគ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីឃើញមានការចែករំលែកវីដេអូលើបណ្ដាញសង្គមហ្វេសប៊ុក និង Tiktok ចំពោះសកម្មភាពតារាចម្រៀង ហង្ស សុជាតា និង តារាសម្ដែង ឌុច លីដា ត្រូវប៉ូលិសត្រួតពិនិត្យជាតិអាល់កុលតាមគោលដៅអន្តរាគមន៍ខណ្ឌ ៧ មករា ឃាត់ខ្លួនបញ្ចូលទៅខណ្ឌទាំងមនុស្ស និង រថយន្ត។
តាមសកម្មភាពដែលត្រូវបានគេយកមកបង្ហោះនៅលើបណ្ដាញសង្គមបានបង្ហាញឱ្យឃើញថា តារាចម្រៀង ហង្ស សុជាតា ជាអ្នកបើកបរ ចំណែកឯអ្នកនាង ឌុច លីដា គឺជាអ្នករួមដំណើរ លុះមកដល់ចំណុចគោលដៅត្រួតពិនិត្យជាតិអាល់កុលនៅចំណុច ខណ្ឌ ៧ មករា សមត្ថកិច្ចនៅគោលដៅក៏ឃាត់រថយន្តរបស់អ្នកនាង ហង្ស សុជាតា ដើម្បីសុំត្រួតពិនិត្យជាតិអាល់កុល ប៉ុន្ដែការផ្លុំមិនគ្រប់កម្រិតទើប ចំណាយពេលនៅដោះស្រាយជាមួយសមត្ថកិច្ចបន្តទៀត។
ដោយឡែក មកដល់ព្រឹកថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៤ នេះ អ្នកនាង ហង្ស សុជាតា បានបង្ហោះសារមួយ បកស្រាយពីហេតុការណ៍កើតឡើងកាលពីយប់មិញ ដោយអ្នកនាងបានលើកឡើងថា រឿងរ៉ាវបានបញ្ចប់តាំងពីយប់ថ្ងៃ ៨ កញ្ញា ម្ល៉េះ ដោយអ្នកនាងបានអះអាងថា បានបង់ប្រាក់ផាកពិន័យបញ្ចប់រឿងរួចរាល់ហើយ៕