មិនចប់ទេ! លោក Nawat ផ្លែផ្កាឱ្យ ពេជ្រ វត្តីសារ៉ាវឌ្ឍី ធ្ងន់ៗ ក្រោយឃើញនាងទៅជួយការងារក្នុងសន្និសីទកាសែតរបស់ MGC
មកទល់ពេលនេះ រឿងរ៉ាវចម្រូងចម្រាស់នៃការបញ្ចប់ការធ្វើជាម្ចាស់ផ្ទះនៃកម្មវិធីប្រកួត Miss Grand International 2024 របស់កម្ពុជាជាមួយនឹងស្ថាប័ន Miss Grand International ថៃ នៅមិនទាន់ស្ងប់ស្ងាត់នៅឡើយទេ ដោយភាគីខាងថៃ ជាពិសេសគឺលោក Nawat តែងតែបោះសម្តីឌឺដងផ្លែផ្កាមកកាន់ MGC ជារឿយៗ។
ជាក់ស្ដែង នៅក្នុងការ Live មួយ លោក Nawat បាននិយាយឌឺដងទៅកាន់ការថ្លែងសន្និសីទកាសែតរបស់ MCG ដែលធ្វើឡើងនៅថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៤ ហើយថែមទាំងបានបោះសម្តីថា លោកបានឃើញ Pichy ឬ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានទៅចូលរួមក្នុងសន្និសីទនេះដូចគ្នា ទាំងដែលតាមពិតទៅគឺលោក អ៊ិន សុភិន ឯណោះទេ ដែលជាអ្នកជំនុញនាងឡើងសោះ បើនាងជាមនុស្សដែលស្គាល់ដើមកំណើតមែន គួរតែទៅគាំទ្រលោក អ៊ិន សុភិន ប៉ុន្តែឥលូវនេះនាងកំពុងតែដើរទៅរកកន្លែងស្លាប់។
ការលើកឡើងរបស់ម្ចាស់ស្ថាប័ន MGI រូបនេះ បានធ្វើឱ្យមហាជនកាន់តែហួសចិត្ត និង ខឹងសម្បារកាន់តែខ្លាំង ចំពោះអាកប្បកិរិយារបស់លោក Nawat ដែលបានធ្វើមកលើក្រុមការងារពាក់ព័ន្ធនៃស្ថាប័ន MG ប្រទេសកម្ពុជា៕