មិនមែនចៃដន្យ! ឱក សុគន្ធកញ្ញា អាចធ្វើការប្រគំតន្រ្តីទោលបាន ជាការតាំងចិត្តតាំងពីចូលប្រឡូកសិល្បៈដំបូង
ការប្រគំតន្រ្តីទោលដ៏អស្ចារ្យ The Q Rise of The Queen Solo Concert របស់កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា បានប្រព្រឹត្តទៅយ៉ាងរលូននៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២៤ ហើយអាចនិយាយបានថា នេះជាប្រវត្តិសាស្រ្តថ្មីដ៏អស្ចារ្យសម្រាប់អ្នកគាំទ្រវិស័យសិល្បៈនៅកម្ពុជា ដែលកំពូលតារាស្រីរូបនេះ អាចធ្វើឱ្យក្ដីស្រមៃរបស់ខ្លួន និង អ្នកគាំទ្ររាប់ពាន់ម៉ឺននាក់ក្លាយជាការពិត។
ទម្រាំអាចឈរលើចំណុចកំពូលដូចពេលនេះ មិនមែនជាការចៃដន្យនោះទេ ពោលគឺគ្រប់យ៉ាងសុទ្ធសឹងតែកើតឡើងពីការខិតខំប្រឹងប្រែពុះពារគ្រប់ឧបសគ្គតាំងពីអ្នកនាង ឱក សុគន្ធកញ្ញា ចូលប្រឡូកសិល្បៈដំបូងៗគ្មានអ្នកស្គាល់ គ្មានអ្នកគាំទ្រ រហូតមានឈ្មោះល្បីសុសសាយដល់បច្ចុប្បន្ន ក្លាយជាកំពូលតារាស្រីលំដាប់លេខ ១ នៅក្នុងវិស័យសិល្បៈកម្ពុជា មានអ្នកគាំទ្ររាប់លាននាក់។
ទន្ទឹមនឹងការខំប្រឹងមិនមែនជាការចៃដន្យនេះដែរ ឱក សុគន្ធកញ្ញា បានលើកឡើងក្រោយបញ្ចប់ការប្រគំតន្រ្តីថា ៖ «កន្លងទៅអស់ជាច្រើនឆ្នាំ ដែលបានបោះជំហានចូលក្នុងវិស័យសិល្បៈ នាងខ្ញុំតែងតែប្រាប់ខ្លួនឯងឱ្យខិតខំអភិវឌ្ឍន៍ខ្លួន មិនថាជួបរឿងអ្វីកុំបោះបង់ ពាក្យជាច្រើនដែលធ្វើឱ្យខ្ញុំមានថ្ងៃនេះ ហើយដាស់សតិខ្លួនឯងរហូតមក «ដ្បិតខ្ញុំគ្មានសមត្ថភាពច្រៀងពីរោះដូចអ្នកចង់បាន តែខ្ញុំមានសមត្ថភាពនឹងធ្វើឱ្យអ្នកស្ដាប់បទចម្រៀងរបស់ខ្ញុំនៅថ្ងៃណាមួយ»។
នៅថ្ងៃនេះ ពេលនេះ ឱក សុគន្ធកញ្ញា ធ្វើបានហើយ មានបងប្អូនស្គាល់ និងស្តាប់បទរបស់កញ្ញា នេះហើយជាកម្លាំងចិត្ត បណ្តាចិត្តឱ្យមានជាខនសឺតផ្ទាល់ខ្លួន មិនថាតែនាងខ្ញុំទេដែលរង់ចាំ វេលាមួយនេះ អ្នកគាំទ្រក៏ដូចគ្នា យប់មិញនេះ ជាយប់ពិសេស ដែលយើងទាំងអស់គ្នា មិនធ្លាប់ស្គាល់គ្នាពីមុនសោះ មកស្គាល់គ្នា រាប់អានគ្នា ក្នុងពេលជួបជុំផ្តល់នូវស្នាមញញឹមឱ្យគ្នា ចូលរួមស្រែកច្រៀង ក្រោកឈររាំ ជាមួយនាងខ្ញុំ ផ្ទាំងទស្សនីយភាពនេះ សូមឱ្យដក់ជាប់ក្នុងក្រអៅបេះដូង ជារៀងរហូត អរគុណរាល់ក្តីស្រឡាញ់ របស់បងប្អូនទាំងអស់គ្នាមានមកលើ នារីសាមញ្ញម្នាក់នេះ»៕
រូបភាព៖ One Memory