តារា K-Pop ល្បី ២ រូប ត្រូវបានហាមឃាត់មិនឱ្យផ្សាយតាមទូរទស្សន៍ជាតិនៅកូរ៉េ
យោងតាមប្រភពរបស់ Allkpop បានឱ្យដឹងថា កាលពីថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៣ គណៈកម្មាធិការត្រួតពិនិត្យបទប្បញ្ញត្តិនៃការផ្សាយរបស់ KBS បានប្រកាសពីការសម្រេចចិត្តហាមឃាត់ការផ្សាយលើតារាសិល្បៈចំនួន ពីររូបគឺ Kim Sae Ron និង Shin Hye Sung សមាជិក Shinhwa។
អាស្រ័យហេតុនេះ រូបភាពរបស់តារាទាំងពីរនឹងត្រូវដកចេញពីគ្រប់ការផ្សាយរបស់ស្ថានីយ៍នេះ បន្ទាប់ពីរឿងអាស្រូវនៃការបើកបរក្នុងស្ថានភាពស្រវឹងបានបង្កឱ្យមានភាពចម្រូងចម្រាសនៅក្នុងមតិសាធារណៈ។
ក្រៅពីនេះ KBS ក៏កំពុងពិចារណាបន្ថែមផងដែរថាតើគួរត្រូវដាក់កម្រិតទៅលើតារាល្បីៗណាបន្ត ដែលជាប់ពាក់ព័ន្ធក្នុងរឿងចម្រូងចម្រាសក្នុងសង្គមពីបទប្រព្រឹត្តខុសច្បាប់ ឬ អសីលធម៌ បន្តទៀតយ៉ាងណា។ ដោយសារតែកន្លងមករឿងអាស្រូវរបស់ kim Sae Ron និង Shin Hye Sung ត្រូវបានគេចាត់ទុកថាជាកម្រិតធ្ងន់មិនអាចគួរយកជាគំរូបានឡើយ។
សូមបញ្ជាក់ផងដែរថា កាលពីខែឧសភា ឆ្នាំ ២០២២ តារាស្រី Kim Sae Ron បានបើកបររថយន្តក្នុងស្ថានភាពស្រវឹង ហើយបានទៅជួបគ្រោះថ្នាក់ចរាចរណ៍នៅជិតផ្លូវបំបែកក្នុងសង្កត់ Gangnam រងប៉ះទង្គិចធ្ងន់ធ្ងរដែលបានធ្វើឱ្យប្រព័ន្ធភ្លើងនៅក្នុងតំបន់ត្រូវបានដាច់ និង ហាងលក់ដូរមួយចំនួននៅទីនោះ ត្រូវបានបិទទ្វារដើម្បីជួសជុស។
ចំណែកឯតារាប្រុស Shin Hye Sung វិញ កាលពីខែតុលា ឆ្នាំ ២០២២ បន្ទាប់ពីផឹកស្រវឹងចេញពីភោជនីដ្ឋានមួយកន្លែង ដោយសារតែស្រវឹង លោកបានយកឡានរបស់អ្នកផ្សេងបើកដោយមិនដឹងខ្លួន។ នៅពេលដែលត្រូវគេរកឃើញ តារាប្រុសរូបនេះបានបដិសេធមិនធ្វើតេស្តជាតិអាល់កុលនោះទេ ទើបបានជាត្រូវប៉ូលិសឃាត់ខ្លួនភ្លាមៗ ដោយចោទប្រកាន់ពីបទបើកបរក្នុងស្ថានភាពស្រវឹង ហើយតុលាការបានកាត់ទោសជាប់ពន្ធធនាគារ ២ឆ្នាំ៕