គ្រាន់តែឃើញទេសភាពបែបធម្មជាតិនៅរមណីយដ្ឋានភូមិដំណាក់ដំរីនោះ ចង់ទៅលេងភ្លាម !
បើលោកអ្នកចូលចិត្តសម្រស់ធម្មជាតិនោះ លោក អ្នកគួរតែទៅលម្ហែកាយនៅរមណីយដ្ឋានភូមិដំណាក់ដំរីពិតជាមិនខុសបំណងឡើយ ។ រមណីយដ្ឋាន ភូមិដំណាក់ដំរីនេះ មានទីតាំងស្ថិតនៅក្នុង ភូមិ៣ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ បើបានធ្វើដំណើរទៅកម្សាន្តនៅឧទ្យានជាតិគីរីរម្យនោះ កុំភ្លេចទៅសម្រាកលម្ហែកាយនៅភូមិដំណាក់ដំរី ដែលមានទីតាំងនៅក្បែរជើងភ្នំគិរីរម្យ ស្រាប់។
ភូមិដំណាក់ដំរី គឺជារមណីយដ្ឋានធម្មជាតិ ដែលទើបតែកែច្នៃថ្មីមួយ ស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ ដែលទទួលបានការគាំទ្រយ៉ាច្រើនពីសំណាក់ភ្ញៀវទេសចរ ។ បើធ្វើដំណើរទៅរមណីយដ្ឋាន ភូមិដំណាក់ដំរី ប្រិយមិត្តត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ ៤ ដល់ផ្សារ ត្រែងត្រយឹង ហើយបត់ចូលប្រមាណជា ៨គីឡូម៉ែត្រ លោកអ្នកនឹងបានឃើញរមណីយដ្ឋានដ៏ស្រស់ស្អាតនោះ ។ ភ្ញៀវទេសចរ ដែលបានទៅដល់ទីនោះ ពិតជាលង់នឹងសម្រស់ធម្មជាតិ ដ៏ស្រស់បំព្រងគ្មានពីរលាតសន្ធឹងលើផ្ទៃដីជាច្រើនហិកតា នៅជាប់នឹងជើងភ្នំគីរីរម្យ ។
ភ្ញៀវទេសចរ ដែលទៅលេងកម្សាន្តទីនោះនឹងទទួលបានសេវាកម្សាន្តជាច្រើន ពីរមណីយដ្ឋាននោះ ក្រៅពីនេះភ្ញៀវនូវបានផ្ដិតយកទេសភាពដ៏ប្រណិតជាច្រើនដូចជា ស្ទូចត្រី ជិះកង់ ជិះសេះលម្ហែអារម្មណ៍ បោះតង់ បាល់ទាត់ បាល់ទះ ។ ល ។ ជាពិសេសថែមទាំងមានអាងហែលទឹក ភោជនីយដ្ឋាន មានម្ហូបគ្រប់ប្រភេទក្នុងតម្លៃដ៏សមរម្យទៀតផង។ ឯកន្លែងស្នាក់នៅវិញកាន់តែពិសេសថែមទៀត នៅភូមិដំណាក់ដំរីភ្ញៀវទេសចរអាចស្នាក់ជាតង់ វិឡា ផ្ទះរចនាបថម៉ូតខ្មែរបានតាមតម្រូវការ ៕
ដោយ៖សុថាត់