ក្រោយល្បីមានស្នេហ៍នឹងសេដ្ឋិនីអនឡាញ ប៉ែន ភ័ក្រ្តសុធារិទ្ធ ថាតាំងពីដើមមកមិនដែលប្រាថ្នាអ្វីលើសពីសមត្ថភាពខ្លួនទេ
មួយរយៈចុងក្រោយនេះ មហាជនអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក កំពុងនាំគ្នាផ្ទុះការចាប់អារម្មណ៍ពីជីវិតឯកជនរបស់តារាសម្ដែងប្រុសរូបសង្ហា លោក ប៉ែន ភ័ក្រ្តសុធារិទ្ធ បន្ទាប់ពីមានវីដេអូមួយចំនួនបង្ហាញពីសកម្មភាពស្និទ្ធស្នាលរវាងលោក និង ឧកញ៉ា អ៊ាន សៀវម៉ី ដោយមហាជនសង្ស័យថា អ្នកទាំងពីរមានចំណងស្នេហ៍ជាមួយគ្នា។
បន្ទាប់ពីមានពាក្យចចាមអារ៉ាមជាច្រើនពីមហាជនពាក់ព័ន្ធនឹងជីវិតស្នេហាឯកជនរបស់ ប៉ែន ភ័ក្រ្តសុធារិទ្ធ ក៏មានមតិជាច្រើនបានបញ្ចេញយោបល់ជូនពរអ្នកទាំងពីរថាសមគ្នា ប៉ុន្ដែក៏មានមតិមួយចំនួនទៀតបានលើកឡើងក្នុងន័យមិនសូវជាសមភ្នែកចំពោះសកម្មភាពទាំងអស់នោះ តែយ៉ាងណា ការពិតអ្នកទាំងពីរមានទំនាក់ទំនងផ្នែកបេះដូងនឹងគ្នា ឬអត់ សាមីខ្លួននៅមិនទាន់ចេញមុខប្រកាសជាសាធារណៈនៅឡើយទេ។
ខណៈរឿងរ៉ាវមួយនេះនៅមិនទាន់ស្ងប់ស្ងាត់ឡើយ ស្រាប់តែថ្មីៗនេះគេឃើញតារាប្រុសរូបសង្ហាសាច់ដុំមាំ លោក ប៉ែន ភ័ក្ត្រសុធារិទ្ធ បានបង្ហោះសារចាក់ដោតមួយនៅលើគណនីហ្វេសប៊ុក ដែលមានខ្លឹមសារថា ៖ «តាំងពីដើមដល់ឥលូវ ខ្ញុំមិនដែលប្រាថ្នាអ្វីដែលហួសពីសមត្ថភាពដែលខ្លួនឯងមានទេ រស់ដោយសច្ចៈទៀងត្រង់ រស់ដោយកម្លាំងញើសឈាមខ្លួនឯងតាំងពីធំដឹងក្តីមកម្ល៉េះ»។
សាររបស់តារាប្រុសរូបនេះ បានស្ដែងពីអត្ថន័យយ៉ាងច្បាស់លាស់ថា កន្លងមកលោកធ្វើការរស់ទីពឹងកម្លាំងញើសឈាមខ្លួនឯង មិនបានប្រាថ្នាអ្វីដែលហួសពីសមត្ថភាពឡើយ៕