(វីដេអូ) លើកទី ១ All3rgy យំមុខអ្នកគាំទ្រ រៀបរាប់ធ្លាប់ធ្វើខុសដាក់ឪពុក ក្នុងថ្ងៃសម្ពោធបទ «ក្មេងតន្ត្រី»
កាលពីថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅ ក្រុមចម្រៀង La Cima Cartel បានរៀបចំការជួបជុំអ្នកគាំទ្រក្នុងកម្មវិធី «La Cima Cartel Forever Falcon Party» ដោយមានការចូលរួមពីសំណាក់ហ្វេនរាប់រយនាក់។
ក្នុងថ្ងៃជួបជុំអ្នកគាំទ្រនោះដែរ ក៏ជាថ្ងៃបញ្ចេញនូវចម្រៀងនៃបទដំបូងក្នុង Album ថ្មីរបស់ក្រុម La Cima Cartel «Never Done This Before» គឺបទ «ក្មេងតន្ត្រី» ដែលជាការបកស្រាយដោយ All3rgy។
ជាការពិតណាស់ លោក All3rgy មិនត្រឹមតែជាតារាចម្រៀងរ៉េប ដែលមានប្រជាប្រិយភាពផ្នែកចម្រៀងរ៉េបប៉ុណ្ណោះទេ តែលោកក៏ត្រូវបានអ្នកគាំទ្រចាត់ទុកលោក គឺជាបុគ្គលរមែងនាំភាពសប្បាយរីករាយទៅកាន់អ្នកគាំទ្រតាមរយៈពាក្យសម្តីកំប្លុកកំប្លែង មានទឹកចិត្តល្អជួយជ្រោមជ្រែង ផ្ដល់កម្លាំងចិត្តអ្នកដទៃគួរឱ្យសរសើរ។
ដោយឡែក នៅក្នុងថ្ងៃសម្ពោធចម្រៀងថ្មីរបស់លោក ស្រាប់តែ All3ry បានធ្វើឱ្យអ្នកគាំទ្រប្រមាណ ៥០០ នាក់ យំក្ដុកក្ដួល ក្រោយស្តាប់នូវរឿងរ៉ាវពិតក្រោយបទចម្រៀងមួយបទនេះ ដោយលោកទម្លាយថាធ្លាប់មានកំហុសកាលនៅពីក្មេងទៅកាន់ក្រុមគ្រួសារ៕