ក្ដៅៗ! នាយទាហាន ដែលប្រើឥរិយាបថមិនសមរម្យ ទាញសក់អ្នកបើកបរផ្ទុះពេញបណ្ដាញសង្គម ត្រូវសមត្ថកិច្ចកោះហៅហើយ
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាផ្ទុះការភ្ញាក់ផ្អើល បន្ទាប់ពីបានទស្សនាវីដេអូ ដែលបង្ហោះដោយគណនី Tiktok ឈ្មោះ Khean Korin នៅថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៤ បង្ហាញពីសកម្មភាពនាយទាហានមួយរូប បានប្រើសកម្មភាពមិនសមរម្យ ចាប់ទាញសក់អ្នកបើកបរ នៅពេលដែលគេចុះពីលើរថយន្ត នាំឱ្យមានការចែករំលែកបន្តគ្នាព្រោងព្រាត។
ទាក់ទិនទៅនឹងករណីនេះ នៅរសៀលថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៤ នេះ តាមរយៈឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថាបុគ្គលរូបនេះ ជានាយទាហាននៃកងរាជអាវុធហត្ថខេត្តកណ្តាល។
ក្នុងនោះ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានជម្រាបជូនសាធារណជន ឱ្យបានដឹងថា ឯកឧត្តមនាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាឱ្យ ឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្ដាល កោះហៅឈ្មោះ ពៅ សាលួត ដែលបានបង្ហាញឥរិយាបថបំពានក្រមសីលធម៌ វិជ្ជាជីវៈ ល្មើសបទវិន័យកងទ័ព ដើម្បីធ្វើការត្រួតពិនិត្យជំហានដំបូង។
បន្ថែមលើសពីនេះ ដោយអនុវត្តទិសស្លោករបស់កងរាជអាវុធហត្ថ «ចំពោះប្រទេសជាតិត្រូវតែការពារ, ចំពោះប្រជាជនត្រូវតែបម្រើ, ច្បាប់ត្រូវតែគោរព និង បទល្មើសត្រូវតែបង្ក្រាប» នឹងចាត់តាំងធ្វើអធិការកិច្ច ក្នុងករណីរកឃើញបុគ្គលនេះប្រព្រឹត្តបទល្មើស កងរាជអាវុធហត្ថ នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមច្បាប់៕