ក្ដៅគគុក! Adam Levine ផ្ទុះអាស្រូវផិតក្បត់នឹងស្ត្រី ៣ នាក់ ស្របពេលប្រពន្ធកំពុងពពោះកូនទី ៣
តារាចម្រៀងប្រចាំក្រុម Maroon 5 លោក Adam Levine ថ្មីៗកំពុងក្លាយជាប្រធានបទដ៏ក្ដៅគគុកតាមបណ្ដាសារព័ត៌មាននានា ក្រោយស្ត្រីចំនួន ៣ រូបបានចេញមុខចោទប្រកាន់លោកថា បានបង្កាត់ភ្លើងស្នេហ៍ជាមួយពួកគេ ទាំងដែលបច្ចុប្បន្ន Adam និង ភរិយា កំពុងត្រៀមខ្លួនទទួលសមាជិកទី ៣ ចូលមកក្នុងគ្រួសាររបស់ខ្លួននោះ។
ជាមួយនឹងរឿងអាស្រូវដ៏ក្ដៅគគុកនេះដែរ តារាចម្រៀង Adam Levine ក៏មិនរង់ចាំយូរ បានចេញមុខឆ្លើយតបឱ្យអស់ចម្ងល់ផងដែរថា លោកគឺមិនបានលួចផិតក្បត់ប្រពន្ធនោះឡើយ ប៉ុន្តែលោកទទួលស្គាល់ថា លោកបានធ្វើហួសព្រំដែនបន្តិចមែន។
តាមរយៈការបង្ហោះលើ Story IG របស់លោក Adam បានរៀបរាប់ថា ៖ «ព័ត៌មានជាច្រើនកំពុងនិយាយពីខ្ញុំបច្ចុប្បន្ននេះ ហើយខ្ញុំក៏ចង់មកបកស្រាយឱ្យដាច់ស្រេច។ ខ្ញុំប្រើប្រាស់ពាក្យពេចន៍មិនសមរម្យជាមួយអ្នកផ្សេងក្រៅពីប្រពន្ធរបស់ខ្ញុំ ក្នុងអាកប្បកិរិយារបៀបញ៉ែញ៉ង។ ខ្ញុំគឺមិនមែនលួចលាក់ស្នេហាផិតក្បត់ជាមួយនរណានោះឡើយ តែខ្ញុំទទួលស្គាល់ថា ខ្ញុំបានធ្វើលើសព្រំដែន អំឡុងពេលដ៏គួរឱ្យស្ដាយបំផុតក្នុងជីវិតរបស់ខ្ញុំ។ ក្នុងកាលៈទេសៈមួយ វាបានក្លាយជារឿងដែលមិនសមរម្យ ខ្ញុំបានលើកយកបញ្ហានេះ ហើយក៏បានដោះស្រាយវាជាមួយក្រុមគ្រួសាររបស់ខ្ញុំដែរ។ ភរិយាខ្ញុំ និង ក្រុមគ្រួសារខ្ញុំ គឺជាអ្វីដែលខ្ញុំខ្វាយខ្វល់ជាងគេបំផុតក្នុងលោកនេះ។ ភាពឆោត និង ល្ងង់ខ្លៅ ដែលប្រថុយរឿងមួយដែលសំខាន់បំផុតសម្រាប់ខ្ញុំ គឺជាកំហុសធំបំផុតដែលខ្ញុំបានធ្វើ។ ខ្ញុំនឹងមិនឱ្យមានកំហុសនេះជាថ្មីម្ដងទៀតនោះឡើយ។ ខ្ញុំទទួលខុសត្រូវលើវាទាំងអស់។ ពួកយើងនឹងឆ្លងកាត់វាជាមួយគ្នា»។
គួររំឭកផងដែរថា កាលពីពេលថ្មីៗកន្លងទៅនេះ Influencer ស្រីម្នាក់ឈ្មោះ Sumner Stroh បានធ្វើការបង្ហោះវីដេអូមួយលើ TikTok ដោយក្នុងវីដេអូនោះ រូបនាងបានទម្លាយថា នាង និង តារាចម្រៀង Adam បានលួចលាក់ស្នេហានឹងគ្នា ដោយក្នុងនោះ រូបនាងបានទម្លាយឆាតរបស់ Adam និង នាង ឆ្លើយឆ្លងគ្នា ដែលធ្វើឱ្យមហាជនជាច្រើនភ្ញាក់ផ្អើលជាខ្លាំង។
ដោយឡែកមិនយូរប៉ុន្មាន គ្រូបង្ហាត់យូហ្គារបស់ Adam ម្នាក់ទៀតឈ្មោះ Alanna Zabel ក៏បានធ្វើការប្រកាសលើ Instagram របស់នាងដែរថា Adam បានផ្ញើសារមកនាង ដោយសរសេរថា ៖«ខ្ញុំចង់ចំណាយពេលជាមួយនាង ដោយខ្លួនទទេ» ខណៈតារាកំប្លែងស្រីម្នាក់ទៀតឈ្មោះ Maryka ក៏បានចេញមុខចោទដែរថា Adam បានផ្ញើសារទៅញ៉ែញ៉ងនាង៕