ចាំអង្កាល់អ្នកអើយ! ខែកញ្ញានេះ មានព្រឹត្តិការណ៍ធំៗ ៥ កើតឡើងនៅសៀមរាប ទឹកដីអង្គរវត្ត ចាប់ផ្ដើមពីថ្ងៃនេះតទៅ
នៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៤ តាមរយៈក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យបានដឹងថា នឹងមានព្រឹត្តិការណ៍ធំៗ ៥ កើតឡើងនៅក្នុងទឹកដីខេត្តសៀមរាប នៅក្នុងខែកញ្ញា ឆ្នាំ ២០២៤ នេះ។
ជាក់ស្ដែង ព្រឹត្តិការណ៍ធំៗទាំង ៥ នោះមានដូចជា ៖
១. ចាប់ពីថ្ងៃទី ១៦-១៧ ខែនេះ នឹងមានព្រឹត្តិការណ៏ Gumbal 3000 គឺជាព្រឹត្តិការណ៍ដ៏ល្បីល្បាញមួយនៅលើពិភពលោក ដែលមានរថយន្តទំនើបៗ និង មានការចូលរួមដោយតារាល្បីៗ អ្នកផលិតមាតិកាល្បីៗលំដាប់អន្តរជាតិ YouTuber ល្បីៗ អ្នកធុរកិច្ច និង អ្នកវិនិយោគនានាជុំវិញពិភពលោក។
២. ថ្ងៃទី ១៥-១៩ ខែកញ្ញា ការលំអរភ្លើងពេលរាត្រីនៅប្រាសាទអង្គរវត្ត ក្លោងទ្វារទន្លេអុំ និង ប្រាសាទបាយ័ន ត្រូវបានរៀបចំបំភ្លឺដោយពន្លឺភ្លើងនៅពេលរាត្រីយ៉ាងអស្ចារ្យសម្រាប់ព្រឹត្តិការណ៍ Gumball 3000 ដែលជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយដែលសំណង់ស្ថាបត្យកម្មបុរាណមានអាយុកាលរាប់ពាន់ឆ្នាំ ជួបជាមួយភាពអស្ចារ្យនៃសម័យទំនើបវប្បកម្ម។
៣. ថ្ងៃទី ១៩ ខែកញ្ញា វេទិការទេសចរណ៍កម្ពុជា-ចិន។
៤. ថ្ងៃទី ២១-២៣ ខែកញ្ញា គឺជាព្រឹត្តិការណ៍សមរាត្រី ដែលអាចមើលឃើញព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត មួយឆ្នាំមានតែ ២ ដងប៉ុណ្ណោះ។
៥. ថ្ងៃទី ២៧ ជាថ្ងៃមួយដែលខេត្តសៀមរាប នឹងមានការហែរក្បួនដ៏ធំនៅក្នុងក្រុងសៀមរាប ដែលជាព្រឹត្តិការណ៍អបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ ២០២៤ ដោយមានកម្មវិធីសម្តែងសិល្បៈប្រពៃណី ការបញ្ចុះតម្លៃលើសេវាកម្មទេសចរណ៍ ការតាំងបង្ហាញឡាន ម៉ូតូចាស់ៗជាដើម៕
ប្រភព ៖ ក្រសួងទេសចរណ៍ , Check in Siemreap – ដើរមកលេងសៀមរាប