ក្អូតចាក់ទីង! ទិញប្រហិតបំពងញ៉ាំកំពុងតែឆ្ងាញ់ជាមួយសង្សារ ស្រាប់តែឃើញពងរុយឡើងស្ញេះជាប់សាច់ប្រហិត
នារីម្នាក់បានបង្ហោះសារចែករំលែកក្នុងបណ្ដាញសង្គមហ្វេសប៊ុកពីបទពិសោធអាក្រក់មួយ បន្ទាប់ពីទៅទិញប្រហិតបំពងញ៉ាំតាមផ្លូវជាមួយមិត្តប្រុសកំពុងតែឆ្ងាញ់ ស្រាប់តែប្រទះឃើញពងសត្វអី្វមួយជួរ ពេលមើលជិតទើបដឹងថាជាពងសត្វរុយ។
សារបង្ហោះរបស់នារីម្នាក់បានក្លាយជាប្រធានបទកំពុងពេញនិយមមួយនៅប្រទេសថៃ ធ្វើឱ្យមនុស្សជាច្រើនចាប់អារម្មណ៍ចំពោះវា ដោយម្ចាស់សារបង្ហោះបានឱ្យដឹងថា ៖ «ខ្ញុំបានជួបរឿងដ៏គួរឱ្យរន្ធត់មួយ ពេលកំពុងញ៉ាំប្រហិតបំពង។ កាលពីសប្ដាហ៍មុនខ្ញុំបានទិញប្រហិតចៀនមកញ៉ាំ ហើយឃើញថាឆ្ងាញ់ ទើបខ្ញុំទៅទិញវាម្ដងទៀតជាមួយមិត្តប្រុសរបស់ខ្ញុំ»។
ជាមួយគ្នានេះដែរ ម្ចាស់សារបង្ហោះដដែលបានឱ្យដឹងទៀតថា ៖ «ពេលនោះសង្សារខ្ញុំបានញ៉ាំអស់មួយចង្កាក់ហើយ ទើបខ្ញុំចាប់ផ្ដើមញ៉ាំវា ដោយយើងឆ្ងល់ថាប្រហិតប្រភេទណាដែលគេយកមកចៀនលក់ទើបឆ្ងាញ់បែបនេះ ទើបសម្រេចចិត្តហែកសាច់ប្រហិតមើល ស្រាប់តែពេលនោះខ្ញុំបានឃើញមានពងមួយជួរ ពិនិត្យជិតទើបដឹងថា ជាពងរុយ»។
យ៉ាងណាមិញ ក្រោយពីបានបង្ហោះសារបែបនេះហើយ អ្នកនិយមលេងបណ្ដាញសង្គមជាច្រើនក៏បានចូលរួមបញ្ចេញមតិថា ពេលដឹងរឿងនេះហើយចង់ទន់ដៃទន់ជើង ខណៈដែលអ្នកខ្លះទៀតលើកឡើងថា តាមពិតប្រហិតមានរសជាតិឆ្ងាញ់ ប៉ុន្តែមកពីអ្នកលក់មិនទុកអាហារឱ្យបានល្អទេ ទើបក្លាយទៅជាខូចគុណភាពបែបនេះ៕