ស្រឡាញ់រាប់អានពិតៗ! គង់ ចាន់ស្រីមុំ និង ស្វាមី ទិញកាដូឡានទំនើបជូនគូស្នេហ៍ ផេនខេក ក្នុងថ្ងៃកំណើត
មហាជននិយមតាមដានជីវិតឯកជនរបស់តារាស្រី គង់ ចាន់ស្រីមុំ ច្បាស់ជាបានជ្រាបហើយថា ក្រៅពីនិយមក្នុងការប្រើប្រាស់សម្ភារនិយមហើយនោះ នាងក៏ជាតារាស្រីចូលចិត្តធ្វើបុណ្យសាងកុសលជាមួយព្រះពុទ្ធសាសនា ក៏ដូចជាអ្នកនៅជុំវិញខ្លួនរបស់នាងទៀតផង។
ក្នុងនោះដែរ ក៏មានសិល្បករ សិល្បការិនី និង អ្នកនៅក្បែរខ្លួនអ្នកនាង គង់ ចាន់ស្រីមុំ មិនតិចនោះទេ ដែលគោរពស្រឡាញ់រូបនាងអស់ពីចិត្ត ក៏ព្រោះតែទឹកចិត្ត និង ការជួយយកអាសារបស់នាងទៅកាន់ពួកគេរាល់មានទុកលំបាកម្តងៗ។ ជាក់ស្តែង ក្នុងនោះ ក៏មានតារាភេទទី ៣ ផេនខេក មួយរូបដែរ។
យ៉ាងណាមិញ ថ្មីៗនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ផ្ទុះការចាប់អារម្មណ៍ និង សរសើរយ៉ាងខ្លាំងនូវទឹកចិត្តរបស់អ្នកនាង គង់ ចាន់ស្រីមុំ និង ស្វាមី ដែលបានចាយលុយផ្ទាល់ខ្លួនទិញកាដូឡានទំនើបជូនដល់គូស្នេហ៍របស់ ផេនខេក គឺលោក Key Mo ដែលជាមនុស្សជំនិតម្នាក់របស់អ្នកនាងដែរ។
ក្នុងនោះ ក្រោយពីទទួលបានកាដូឡានពីអ្នកនាង គង់ ចាន់ស្រីមុំ និង ស្វាមី ហើយ លោក Key Mo គូស្នេហ៍របស់តារាភេទទី ៣ ផេកខេក ក៏បានបង្ហោះសាររៀបរាប់ថា៖ «ជាអារម្មណ៍មួយ ដែលមិនដឹងថានិយាយចេញបែបណាទេ! រំភើបខ្លាំង ដែលពិបាកនឹងនិយាយ ព្រោះពួកគាត់តែងតែគិត បារម្ភ យកចិត្តទុក្ខដាក់ មើលថែសុខទុក្ខបែបណា ខ្វាយខ្វល់។ កាដូដ៏សែនពិសេស គឺធំធេងខ្លាំងណាស់សម្រាប់ខ្ញុំ។ ទឹកភ្នែកលើកនេះ គឺស្រក់មកជាមួយក្ដីរំភើប ក្ដីសុខដ៏មានន័យសម្រាប់ជីវិតខ្ញុំ អរគុណអ្នកមានគុណរបស់ខ្ញុំ។ Kong chansreymom Kem seyha»៕