ម៉ែឪ រវល់ប្ដឹងលែងលះគ្នា ទុកកូនស្រីអាយុ ៣ ឆ្នាំចោលនៅសាលារៀនច្រើនថ្ងៃ ឱ្យស្រងេះស្រងោចខ្វះភាពកក់ក្ដៅ
ថ្មីៗនេះ សារព័ត៌មាន SOHA បានរាយការណ៍ពីរឿងរ៉ាវដ៏គួរឱ្យអាណិតរបស់ក្មេងស្រីវ័យ ៣ ឆ្នាំមួយរូបនៅប្រទេសចិន ដែលត្រូវឪពុកម្តាយទុកចោលនៅសាលារៀនជាច្រើនថ្ងៃ ព្រោះតែរវល់រឿងលែងលះគ្នា។
តាមព័ត៌មានឱ្យដឹងថា ក្មេងស្រីរូបនេះបានកំពុងរៀននៅថ្នាក់មត្តេយ្យ នាសាលាមួយកន្លែងក្បែរផ្ទះ។ ជាធម្មតាឱ្យតែដល់ម៉ោងចេញ ឪពុកម្តាយនាងក៏តែងតែមកទទួលតាមពេលវេលា ស្រាប់តែថ្ងៃមួយមិនមានអ្នកមកទទួលនាងសោះ ទើបធ្វើឱ្យគ្រូម្នាក់មកសួរនាំ និង ខលទៅរកឪពុកម្តាយរបស់នាង។
ក្នុងនោះ ឪពុកនាងបាននិយាយតែមួយម៉ាត់ថាសុំឱ្យគ្រូជួយមើលកូនឱ្យ ហើយក៏បានបិទទូរស័ព្ទទៅ ក្រោយមកទាំងឪពុកទាំងម្តាយនេះ ក៏បានប្លុកលេខទូរស័ព្ទគ្រូចោលទៀត ទើបគ្រូគ្មានជម្រើសក៏បាននាំយកក្មេងស្រីទៅនៅផ្ទះជាមួយតែម្តង។
អស់រយៈពេល ៣ ថ្ងៃ ដែលក្មេងស្រីបាននៅជាមួយនឹងគ្រូ ឪពុកម្តាយរបស់គេមិននឹកនាខលមកសួរនាំឡើយ ហើយមានពេលមួយគ្រូបានឆែកកាតាបរបស់ក្មេងស្រីក៏បានឃើញក្រដាសមួយសន្លឹក ដែលមានសរសេរអក្សរថា អរគុណគ្រូណាស់ ពួកយើងកំពុងតែលែងលះគ្នា សូមទោសដែលធ្វើឱ្យគ្រូត្រូវមើលថែក្មេង។ យ៉ាងណាមិញ គ្រូឃើញហើយពិតជាហួសចិត្ត ព្រមទាំងខឹងខ្លាំងណាស់ ព្រោះមិននឹកស្មានថាឪពុកម្តាយគ្មានទំនួលខុសត្រូវដល់ថ្នាក់នេះ ហើយចុងក្រោយគ្រូក៏បានសុំឱ្យអាជ្ញាធរនាំក្មេងស្រីត្រឡប់ទៅផ្ទះនាងវិញផងដែរ៕