ផ្ទុះការសរសើរ! ឧកញ៉ា ស្រី ចាន់ថន បង្ហាញរូបរាងខ្សែក្រវ៉ាត់កម្រិតពិភពលោក រួមបញ្ចូលរចនាបថខ្មែរដ៏ល្អឯក
តាមរយៈផេកឧកញ៉ា ស្រី ចាន់ថន នៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៣ នេះ បានជម្រាបជូនបងប្អូនជនរួមជាតិឱ្យដឹងថា ក្លឹបកីឡាគុនខ្មែរលំដាប់អន្តរជាតិ ឈ្មោះ «គុនខ្មែរជើងឯកពិភពលោក (Kun Khmer World Champion) » របស់លោក បានរត់ឯកសារតាំងពីភូមិ ឃុំ ស្រុក ខេត្តប្រធានមន្ទីរ អប់រំ យុវជន និងកីឡា និង សហព័ន្ធកីឡាគុនខ្មែររួចរាល់ហើយ។ ដូច្នេះ ក្នុងពេលដ៏ឆាប់ខាងមុខនេះ ក្លឹបគុនខ្មែររបស់លោកនឹងលេចរូបរាងហើយ។
ឧកញ៉ាចិត្តធម៌រូបនេះ បានបញ្ជាក់ឱ្យដឹងថា មូលហេតុដែលលោកសម្រេចចិត្តដាក់ឈ្មោះនេះ ក៏ដោយសារតែលោកចង់ឱ្យកីឡាគុនខ្មែររបស់យើងក្លាយទៅជាកីឡាកម្រិតពិភពលោក ដោយក្លឹប នឹងនាំកីឡាករបរទេសជុំវិញពិភពលោកមកប្រកួតនៅក្នុងប្រទេសរបស់យើងក៏ដូចជានាំកីឡាកររបស់ខ្មែរយើងទៅប្រកួតនៅក្រៅប្រទេសផងដែរ។
លើសពីនេះទៅទៀត លោកបានបន្តឱ្យដឹងថា ៖ «ខ្ញុំបានបង្កើតខ្សែក្រវ៉ាត់កម្រិតពិភពលោកមួយទៀត ដែលបានរួមបញ្ចូលនៅរចនាបថខ្មែរដ៏ល្អឯករួមមាន៖ យ័ន្តប្រាំបីទិស នាគក្បាលប្រាំពីរ ផ្ការំដួល និង ចម្លាក់រូបប្រដាល់ក្បាច់គុនល្បុក្កតោខ្មែរ និង ចំបាប់។ តើបងប្អូនមានយោបល់បែបណាដែរ ចំពោះរចនាបថខ្សែក្រវ៉ាត់អន្តរជាតិមួយនេះ?»៕