ឆឺតៗ ត្រៀមសប្បាយជុំគ្នា! ឆ្នាំនេះ បុណ្យភូមិមានជើង ដើរទៅដល់ខេត្តមណ្ឌលគីរី
នៅឆ្នាំ ២០២៤ នេះ កម្មវិធី បុណ្យភូមិមានជើង បានឈានមកដល់ឆ្នាំទី ២ ហើយ ដោយគេនៅចាំបានថា កាលពីឆ្នាំទី ១ ពោលគឺឆ្នាំ ២០២៣ បុណ្យភូមិមានជើង បានរៀបចំឡើងនៅឯទឹកដីខេត្តក្រចេះ។
ក្នុងកម្មវិធី បុណ្យភូមិមានជើង លើកទី ២ នេះដែរ នឹងរៀបចំឡើងនៅឯទឹកដីខេត្តមណ្ឌលគីរី នៅថ្ងៃទី ២២ ដល់ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ ខាងមុខ ដោយធ្វើឡើងក្នុងប្រធានបទ «ការពង្រឹងសមត្ថភាពកុមារ និង យុវជន គឺជាការកសាងពិភពលោកឱ្យមានភាពស្រស់បំព្រង»។ លើសពីនោះ ឆ្នាំនេះ មហាជនអ្នកគាំទ្រ បុណ្យភូមិមានជើង នឹងទទួលបានបទពិសោធន៍ដើរព្រៃ មើលដំរី ត្រជាក់ភ្នែកជាមួយទេសភាពខៀវស្រងាត់ មានទឹកជ្រោះ និង អាកាសធាតុត្រជាក់ ព្រមទាំងបានស្គាល់ពីប្រពៃណីរបស់បងប្អូនជនជាតិដើមភាគតិចផងដែរ។
ម្យ៉ាងវិញទៀត អ្វីដែលគួរឱ្យចាប់អារម្មណ៍ កម្មវិធី បុណ្យភូមិមានជើង លើកទី ២ នេះ ក្រៅពីការផ្សព្ធផ្សាយពីវប្បធម៌ ប្រពៃណី សិល្ប:នោះ ក៏មានគោលដៅចង់បង្ហាញដល់មហាជនបានឃើញ ស្គាល់ និង ចូលរួមអភិរក្សនូវសត្វដំរីនៅក្នុងខេត្តមណ្ឌលគិរី។ ក្នុងនោះដែរ កញ្ញា រិទ្ធីលំអរ ពេជ្រ សហស្ថាបនិកបុណ្យភូមិ បានប្រាប់មកកាន់ ប្រជាប្រិយ ថា៖ «សត្វដំរី ដែលពួនសម្ងំរស់នៅក្នុងជ្រលងភ្នំ ក៏ត្រូវការយកចិត្តទុកដាក់ពីមហាជន ព្រោះយើងមិនចង់អោយសត្វដ៏ពិសេសមួយនេះនៅសល់តែ ឈ្មោះចារក្នុងក្រដាសនោះទេ»។
គួរជម្រាបថា មហោស្រពសិល្បៈ បុណ្យភូមិមានជើង គឺរៀបចំដោយ ភ្លើងគប់ និង បុណ្យភូមិ រួមជាមួយកិច្ចសហការរៀបចំដោយយូនីសេហ្វ៕