ស្រីៗផ្អើលនាំគ្នាទៅជិះឡានក្រុង ក្រោយឃើញសម្រស់អ្នកបើកឡានសង្ហាពេក
ថ្មីៗនេះ អ្នកបើកបរឡានក្រុងម្នាក់នៅក្រុង Guiyang ខេត្ត Guizhou ប្រទេសចិន កំពុងផ្ទុះការចាប់អារម្មណ៍ផ្អើលអ៊ិនធឺណែត ដោយសារតែរូបសម្រស់ទាក់ទាញ ស្រស់សង្ហាខ្លាំង មិនចាញ់តារារបស់លោក។
ជាមួយគ្នានោះដែរ វីដេអូដែលលួចថតអ្នកបើកឡានក្រុងសង្ហារូបនោះ កំពុងតែផ្ទុះការចែកចាយពាសពេញបណ្ដាញសង្គម ដែលវីដេអូនោះដែរ ឥឡូវនេះ មានអ្នកចុចមើល ៥០ លាននាក់លើកម្មវិធី TikTok ចិន (Douyin) ឯណោះ។ ក្នុងវីដេអូនោះ បើទោះបីជាពាក់ម៉ាស់ក៏មែន ប៉ុន្តែរូបសម្រស់របស់អ្នកបើកឡានក្រុងរូបនេះ នៅតែអាចជះភាពសង្ហា ធ្វើឱ្យនារីៗអ្នកដំណើរទប់អារម្មណ៍មិនសំឡឹងមើលមិនបាន។
ដោយមានការស្រឡាញ់ និង អួតសរសើរពីរូបសម្រស់របស់លោកច្រើន មិនទុកយូរអ្នកកំលោះវ័យក្មេងរូបសង្ហាជាអ្នកបើកឡានក្រុង ក៏បានបង្ហាញខ្លួនធ្វើការអរគុណដល់មហាជនដែលគាំទ្រ និង សរសើរចំពោះលោក។ លោកបានរៀបរាប់ថា ៖«ជាដំបូង ខ្ញុំពិតជាមានក្ដីអំណរគុណដល់គ្រប់គ្នា។ ក្នុងនាមជាអ្នកបើកឡានក្រុងសាមញ្ញម្នាក់ ខ្ញុំពិតជាមានកិត្តិយសណាស់ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងបែបនេះ។ ទោះជាយ៉ាងណា មិនខុសពីអ្នកបើកឡានក្រុងដទៃ ខ្ញុំគ្រាន់តែបំពេញការងាររបស់ខ្ញុំតែប៉ុណ្ណោះ។ ខ្ញុំចង់ឱ្យអ្នកដំណើររបស់ខ្ញុំទៅបំពេញការងារដោយសុវត្ថិភាព និង ត្រឡប់ទៅផ្ទះវិញដោយក្ដីរីករាយរៀងរាល់ថ្ងៃ។ អំឡុងពេលកំពុងផ្ទុះរោគរាតត្បាតនេះ ខ្ញុំក៏សង្ឃឹមថា គ្រប់គ្នានឹងធ្វើដំណើរដោយសុវត្ថិភាព និង តែងតែចងចាំការពាក់ម៉ាស់ជានិច្ច ដើម្បីការពារខ្លួនឯង និង អ្នកដទៃ…»។
ជាមួយនឹងការឆ្លើយតបដ៏សមរម្យបំផុតនេះ គឺលោកកាន់តែធ្វើឱ្យមហាជនស្រឡាញ់ចូលចិត្តលោកលើសមុនទៅទៀត ដោយគ្រប់គ្នាលើកសរសើរថា លោកមិនត្រឹមតែជាបុរសសង្ហាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចេះដាក់ខ្លួន គួរសម មិនទាញផលប្រយោជន៍ពីប្រជាប្រិយភាពរបស់ខ្លួនឯងទៀត៕