គេថា ពេលទម្ងន់ផឹក តែ កាហ្វេ ប្រយ័ត្នកូនកើតមកខ្មៅ តើម៉ាក់ៗគិតថាជារឿងពិតទេ?
«ផឹក តែ កាហ្វេ ប្រយ័ត្នកូនកើតមកខ្មៅ» នេះជាពាក្យដែលយើងធ្លាប់តែឮគេនិយាយតៗគ្នាជាពិសេសនិយាយនៅចំពោះស្ត្រីមានផ្ទៃពោះ។ វាអាចជាពាក្យនិយាយចំអន់លេង តែស្ត្រីភាគច្រើនតែងគិតថាវាជារឿងពិត រហូតដល់ស្ត្រីខ្លះមិនហ៊ានផឹកតាំងពីមុនពេលពពោះម្ល៉េះ។ ចុះតើម៉ាក់ៗសម័យថ្មីគិតថាជារឿងពិតដែរឬទេ? ដើម្បីច្បាស់លាស់ «ប្រជាប្រិយ» បានស្រាវជ្រាវរកឃើញចម្លើយដូចខាងក្រោម ៖
ជារឿងធម្មតាទៅហើយដែលពេលស្ត្រីពពោះគេតែងផ្តល់ដំបូន្មានឱ្យធ្វើនេះធ្វើនោះ ប្រយ័ត្ននេះ ប្រយ័ត្ននោះ មានខ្លះនិយាយតតគ្នា ខ្លះធ្វើតាមទំនៀមគ្រួសារក៏មាន។ ចំពោះការផឹកតែកាហ្វេ ភាគច្រើនគេអាចនឹងគិតថាដោយសារតែទឹកមានពណ៌ខ្មៅ ឬល្អក់ហ្នឹងហើយ ទើបធ្វើឱ្យស្បែកកូនខ្មៅ។ បើតាមការស្រាវជ្រាវ ការផឹកតែទៅតាមកម្រិតសមរម្យនៅអំឡុងពេលមានផ្ទៃពោះ វាអាចមានអត្ថប្រយោជន៍ដល់កូន និងសុខភាពម្តាយ ខណៈដែលភេសជ្ជៈតែខ្លះអាចមានលាយស្ករ ទឹកដោះគោ និងផ្លែឈើជាដើម។ អ្វីដែលកត់សម្គាល់ វាមិនមានហេតុផលណាមួយដែលបណ្តាលឱ្យស្បែកកូនប្រែប្រួលទៅខ្មៅស្រអាប់ឡើយ។
ដោយឡែក សម្រាប់កាហ្វេវិញ គ្មានភស្តុតាងណាមួយបញ្ជាក់ច្បាស់ថា ការផឹកកាហ្វេនៅអំឡុងពេលពពោះអាចប៉ះពាល់ដល់ស្បែកកូន ខណៈដែលស្បែកកូនត្រូវបានកំណត់ទៅតាមករណីតំណពូជដូចជាកាត់តាមស្បែកឪពុក ម្តាយ ជីដូនឬជីតា។ ចំណែកជាតិកាហ្វេអ៊ីនមិនបានដើរតួជាអ្នកកំណត់ពណ៌សម្បុរស្បែកកូននោះទេ។ ការស្រាវជ្រាវមួយបង្ហាញថា ការផឹកភេសជ្ជៈមានជាតិកាហ្វេអ៊ីននៅអំឡុងពេលមានផ្ទៃពោះ វាអាចបង្កភាពស្ត្រេសដល់ស្ត្រីកាន់តែច្រើន វាអាចបង្កបញ្ហាដល់កូនទាំងនៅពេលវ័យកុមារ រហូតដល់វ័យជំទង់។
បើតាមការស្រាវជ្រាវផ្ទាល់ខ្លួនរបស់វេជ្ជបណ្ឌិត Kirtley Parker ឯកទេសខាងសម្ភពនៅទីក្រុង Salt Lake សហរដ្ឋអាមេរិក លោកស្រីនិយាយថា ការផឹកភេសជ្ជៈជាតិកាហ្វេអ៊ីននៅអំឡុងពេលពពោះវាបានដើរតួជាអ្នកបង្អាក់ដល់ការលូតលាស់របស់ទារកក្នុងផ្ទៃ ប៉ុន្តែវាមិនបានប៉ះពាល់ដល់ស្បែកទារក ឬធ្វើឱ្យស្បែកទារកប្រែទៅជាខ្មៅស្រអាប់នោះទេ។
បើទោះពណ៌សម្បុរស្បែករបស់កូនមិនអាចប្រែប្រួលនៅអំឡុងពេលពពោះ តែក្នុងនោះយើងក៏អាចមានវិធីធ្វើឱ្យស្បែកទាំងកូន និងអ្នកម្តាយមានសុខភាពល្អ ដោយបរិភោគអាហារល្អចំពោះសុខភាពដូចជាបន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ និងអាហារសម្បូរប្រូតេអ៊ីន៕