Cai Xukun នៅធ្វើការប្រគំតន្ត្រីធម្មតា ទោះរឿងអាស្រូវបង្ខំឱ្យនារីម្នាក់រំ-លូ.តកូនមិនទាន់រសាត់ក៏ដោយ
បើទោះបីជាតារាចម្រៀងវ័យក្មេង Cai Xukun មានរឿងអាស្រូវបង្ខំឱ្យនារីម្នាក់រំលូតកូនចេញ ធ្វើឱ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើល កាលពីថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៣ ក៏ដោយ ប៉ុន្តែគម្រោងរៀបចំការប្រគំតន្រ្តីរបស់តារាប្រុសរូបនេះ នៅក្នុងខែកក្កដា ខាងមុខនេះ នៅតែដំណើរការដូចអ្វីដែលធ្លាប់បានប្រកាសពីមុនដដែល ហើយតាមគេហទំព័រនៅតែបើកលក់សំបុត្រដូចធម្មតា មិនមានអ្វីប្រែប្រួលឡើយ។
បើតាមចុះផ្សាយរបស់សារព័ត៌មានចិន Sohu បាននិយាយអំពីការប្រគំតន្រ្តីរបស់ Cai Xukun នៅក្នុងប្រទេសសិង្ហបុរី ដែលនឹងរៀបចំធ្វើឡើងនៅឯ Marina Bay Sands នៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខនេះ។
អ្វីដែលធ្វើឱ្យមហាជនតាមដានមិនឈប់នោះ គឺក្រោយពី Cai Xukun ផ្ទុះព័ត៌មានបង្ខំឱ្យនារីម្នាក់រំលូតកូនចេញ តារាប្រុសវ័យ ២៤ ឆ្នាំរូបនេះ នៅតែមិនបាត់បង់ប្រជាប្រិយភាពនោះឡើយ ពោលគឺមានតែកើនឡើងអ្នកតាមដានថែមទៀត នៅលើគណនី Weibo ផ្ទាល់ខ្លួន។
លើសពីនេះ ម៉ាកយីហោល្បីៗដែលជាដៃគូសហការរបស់លោក ក៏មិនបានលុបចោលកុងត្រាផ្សាយពាណិជ្ជកម្មដែលលោកជា BA នោះដែរ ហើយរឿងអាស្រូវស្នេហានេះ ហាក់ដូចជាមិនបានបង្កភាពប៉ះពាល់ច្រើនដល់លោកផងដែរ៕