ចូលរួមរំលែកទុក្ខ! តួសម្ដែង Professor Albus Dumbledore ក្នុងរឿង «Harry Potter» បានទទួលមរណភាពហើយ
កាលពីយប់ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅ មហាជនជាច្រើន ជាពិសេសអ្នកគាំទ្រខ្សែភាពយន្តរឿង Harry Potter បានបង្ហោះសារចូលរួមរំលែកទុក្ខជាច្រើន លើប្រព័ន្ធអ៊ីនធឺណេត ក្រោយបានដឹងដំណឹងថា តួសម្ដែងលោក Michael Gambon ដែលត្រូវបានគេស្គាល់ថា ជាតួអង្គនាយកសាលា ឬស្គាល់ថាជា Professor Albus Dumbledore បានទទួលមរណាភាពក្នុងជន្មាយុ ៨២ ឆ្នាំ។
ទីភ្នាក់ងារសារព័ត៌មាន PA Media បានឱ្យដឹងដែរថា តារាសម្តែង Michael Gambon ដែលត្រូវបានគេស្គាល់ថា ជាតួ Albus Dumbledore នៅក្នុងខ្សែភាពយន្ត «Harry Potter» បានទទួលមរណភាពក្នុងអាយុ ៨២ ឆ្នាំ ដោយសាររលាកសួត ដែលនេះយោងតាមសេចក្តីថ្លែងការណ៍មួយ ចេញផ្សាយដោយក្រុមគ្រួសាររបស់លោក Michael ផ្ទាល់កាលពីថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅ។
ជាមួយគ្នានេះដែរ ប្រភពព័ត៌មានបានឱ្យដឹងដែរថា លោក Michael Gambon ត្រូវបានគេស្គាល់តាមរយៈការងារជាច្រើនរបស់លោកនៅតាមទូរទស្សន៍ ភាពយន្ត និង វិទ្យុ។ មិនតែប៉ុណ្ណោះ ប្រភពដដែលបានឱ្យដឹងទៀតថា លោក Michael Gambon បានកើតនៅថ្ងៃទី ១៩ ខែតុលា ឆ្នាំ ១៩៤០ ក្នុងទីក្រុង Dublin ប្រទេស Ireland ហើយលោកក៏ជាតួសម្តែង ដែលគួរឱ្យគោរព បំផុតមួយនៅក្នុងវិស័យភាពយន្ត និង ទូរទស្សន៍តាំងពីទសវត្សរ៍ឆ្នាំ ១៩៦០ ។
គួរឱ្យដឹងដែរថា លោក Michael Gambon ត្រូវបានអ្នកទស្សនាភាពយន្តភាគច្រើនស្គាល់ថាជាតួអង្គ Dumbledore ដែលមាន ទេពកោសល្យបំផុត ព្រមទាំងបានធ្វើឱ្យលោកក្លាយជា តារាសម្តែង ដែលសក្តិសមនឹងមានឈ្មោះជា តារាសម្តែងល្អបំផុតរបស់ពិភពលោក៕
ប្រភព ៖ CNN