រៀងរាល់ថ្ងៃឈប់សម្រាកពីការងារ ក៏ដូចជាថ្ងៃចុងសប្ដាហ៍ ប្រិយមិត្តមួយចំនួនប្រាកដជាមានអារម្មណ៍ថាខ្ជិលក្នុងការធ្វើដំណើរផ្លូវឆ្ងាយដើម្បីទៅលម្ហែកាយ ដោយចង់តែទៅកម្សាន្តកន្លែងទេសចរណ៍ទាំងឡាយណាដែលនៅជិតៗក្រុង និង មានបរិយាកាសស្រស់ស្រាយបែបធម្មជាតិ កាត់បន្ថយសម្ពាធការងាររបស់ខ្លួនមិនខាន។
ថ្ងៃនេះ «ប្រជាប្រិយ» សូមលើកយកនូវទីតាំងរមណីយដ្ឋានថ្មីមួយ ដែលទើបតែបង្កើតឡើងថ្មីៗ មានទីតាំងនៅក្នុងរាជធានីភ្នំពេញ ងាយស្រួលក្នុងការធ្វើដំណើរទៅកម្សាន្ត ដែលនៅទីនោះមានឈ្មោះថា «វាយោនរា» ។
ស្ថិតនៅដីឡូត៍លេខ ៤១ ផ្លូវលំ ភូមិកោះនរា សង្កាត់កោះនរា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ «វាយោនរា» ជាកន្លែងលម្ហែថ្មីមួយដែលទើបតែនឹងបង្កើតឡើង ប្រកបដោយទេសភាពធម្មជាតិស្រស់ស្អាត ខ្យល់អាកាសបរិសុទ្ធ ធ្វើឱ្យអារម្មណ៍ស្រស់ថ្លា ភ្លេចអស់នូវអារម្មណ៍នឿយណាយ រសាយបាត់អស់នូវរាល់ទុក្ខកង្វល់ផ្សេងៗ។
នៅទីនោះមានបម្រើសេវាកម្មម្ហូបអាហារ មានទីធ្លាធំទូលាយ ព្រមទាំងមានកន្លែងថតរូបស្អាតៗ គយគន់ទេសភាពជាប់មាត់ទឹក គួរជាទីមនោរម្យក្រៃលែង៕
រូបភាព ៖ VEAYO NOREA