ក្រុមហ៊ុន Grab និង ធនាគារ ABA ប្រកាសភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីបង្កើនមធ្យោបាយទូទាត់ប្រាក់ឱ្យកាន់តែមានភាពងាយស្រួល
រាជធានីភ្នំពេញ – ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៤ – Grab ដែលជាកម្មវិធីទំនើបឈានមុខគេនៅអាស៊ីអាគ្នេយ៍ និង ធនាគារ ABA ដែលជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា បានប្រកាសពីភាពជាដៃគូយុទ្ធសាស្ត្រ ក្នុងការរួមបញ្ចូលសេវាទូទាត់ឌីជីថលរបស់ពួកគេតាមរយៈការទូទាត់ប្រាក់ ABA PayWay។ តាមរយៈកិច្ចសហការនេះ អ្នកប្រើប្រាស់ Grab នឹងមានលទ្ធភាពប្រើប្រាស់វិធីទូទាត់ប្រាក់ដ៏ពេញនិយមបំផុតនៅក្នុងប្រទេសកម្ពុជា PayWay ដែលអនុញ្ញាតឱ្យប្រតិបត្តិការដោយមិនប្រើប្រាស់សាច់ប្រាក់សុទ្ធ កាន់តែមានភាពងាយស្រួល។
ភាពជាដៃគូនេះបានណែនាំមុខងារ Account-on-File (AoF) ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ Grab ភ្ជាប់គណនី ABA របស់ពួកគេដោយសុវត្ថិភាពនៅក្នុងកម្មវិធី Grab។ មុខងារនេះអនុញ្ញាតឱ្យមានការទូទាត់ ដោយមិនប្រើប្រាស់សាច់ប្រាក់សុទ្ធដោយស្វ័យប្រវត្តិ និង មានសុវត្ថិភាព ម៉្យាងទៀតអ្នកប្រើប្រាស់អាចទូទាត់ប្រាក់ យ៉ាងរលូនសម្រាប់ការប្រើប្រាស់សេវាកម្មធ្វើដំណើរ សេវាកម្មបញ្ញើរហ័ស និង សេវាកម្មដឹកជញ្ជូនអាហារជាដើម កិច្ចការនេះគឺជួយធ្វើឱ្យដំណើរការទូទាត់ប្រាក់កាន់តែងាយស្រួលសម្រាប់អតិថិជនរាប់លាននាក់នៅទូទាំងប្រទេសកម្ពុជា។
បន្ថែមពីនេះទៀត Grab បានជ្រើសរើសយក ABA PayWay Plus ដែលដំណើរការដោយ CyberSource របស់ក្រុមហ៊ុន Visa ធ្វើជាមធ្យោបាយទូទាត់ប្រាក់ក្នុងស្រុកថ្មីរបស់ខ្លួន សម្រាប់ដំណើរការរាល់ការទូទាត់តាម ប័ណ្ណឥណទានទាំងអស់នៅក្នុងប្រទេសកម្ពុជា។ ការផ្លាស់ប្តូរទៅប្រើប្រាស់មធ្យោបាយទូទាត់ប្រាក់ក្នុងស្រុកនេះគឺ ដើម្បីធ្វើអោយកាន់តែប្រសើរឡើងនូវការគ្រប់គ្រងប្រតិបត្តិការ និងបង្កើនភាពជឿជាក់របស់ Grab ខណៈដាក់បញ្ចូលនូវវិធីសាស្រ្តទូទាត់ប្រាក់ផ្សេងៗ រួមមានប័ណ្ណឥណទាន Visa, Mastercard និង UPI ។
លោក កង សុវណ្ណារ៉ូត នាយកគ្រប់គ្រងក្រុមហ៊ុន Grab ប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា ៖ «តាមរយៈ ការចាប់ដៃគូជាមួយធនាគារ ABA យើងកំពុងបោះជំហានដ៏សំខាន់មួយឆ្ពោះទៅរកការផ្តល់ជូនអ្នកប្រើប្រាស់របស់យើងនូវបទពិសោធទូទាត់ប្រាក់ឌីជីថលប្រកបដោយសុវត្ថិភាព និងរលូន។ ភាពជាដៃគូនេះ គឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តរបស់យើងក្នុងការនាំមកនូវគុណតម្លៃកាន់តែច្រើនដល់អ្នកប្រើប្រាស់របស់យើង»។
ធនាគារ ABA ដែលស្គាល់ជាធនគារនាំមុខក្នុងវិស័យធនាគារឌីជីថល បានបន្តនវានុវត្តដើម្បីបំពេញតម្រូវការ អតិថិជនរបស់ខ្លួន។ លោក Zokhir Rasulov នាយកសេវាធនាគារឌីជីថល មានប្រសាសន៍ថា ៖ «យើងខ្ញុំមានសេចក្តីរីករាយដែលបានសហការជាមួយ Grab ដើម្បីនាំយកដំណោះស្រាយការទូទាត់បែបឌីជីថលដ៏រលូន សុវត្ថិភាព និង ងាយស្រួលដល់ប្រជាពលរដ្ឋខ្មែរ។ ភាពជាដៃគូនេះ គូសបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់យើងខ្ញុំ ក្នុងការពង្រឹងការទូទាត់ដោយមិនប្រើប្រាស់សាច់ប្រាក់ បង្កើនភាពងាយស្រួលដល់អតិថិជន និង លើកកម្ពស់សេដ្ឋកិច្ចឌីជីថលក្នុងប្រទេស»។
លោកក៏បានបន្ថែមថា ៖ «តាមការដាក់ដំណើរការមុខងារ Account-on-File របស់ ABA PayWay ទៅក្នុង អេប Grab យើងខ្ញុំកំពុងតែបង្កើនប្រតិបត្តិការប្រចាំថ្ងៃ ឲ្យកាន់តែរហ័ស និង ងាយស្រួលដល់អ្នកប្រើប្រាស់ រាប់លាននាក់។ យើងខ្ញុំនឹងបន្តបង្កើតនវានុវត្តជាមួយ Grab ក្នុងថ្ងៃអនាគត ដើម្បីបំពេញតម្រូវការរបស់អតិថិជន និង គាំទ្រដល់ដំណើរការផ្លាស់ប្តូរផ្នែកឌីជីថលរបស់ប្រទេសកម្ពុជា»។
ABA PayWay អនុញ្ញាតឲ្យអាជីវកម្មក្នុងប្រទេសកម្ពុជា ទទួលការទូទាត់តាមអនឡាញ ឬ នៅក្នុងហាងផ្ទាល់ ពីអេបធនាគារផ្សេងៗ និង កាតក្នុងស្រុក ឬ កាតអន្តរជាតិ។ អតិថិជនអាចទូទាត់យ៉ាងងាយស្រួល ជាប្រាក់រៀល និង ប្រាក់ដុល្លារ តាមរយៈ ABAPAY, KHQR, Visa, Mastercard, UPI, JCB, Alipay និង WeChat។ ជាមួយ ABA PayWay ក្រុមហ៊ុនអាចតាមដានប្រតិបត្តិការតាមពេលវេលាជាក់ស្តែង និង ទទួល អត្ថប្រយោជន៍ពីការរួមបញ្ចូលដែលអនុលោមតាមស្តង់ដា PCI DSS យ៉ាងសុវត្ថិភាព។ សម្រាប់ព័ត៌មានបន្ថែម សូមទៅកាន់គេហទំព័រ www.payway.com.kh។
អំពី Grab
Grab គឺជាកម្មវិធីស្មាតហ្វូនឈានមុខគេនៅអាស៊ីអាគ្នេយ៍ ដែលដំណើរការក្នុងវិស័យការដឹកជញ្ជូន ការធ្វើដំណើរ និងសេវាកម្មហិរញ្ញវត្ថុឌីជីថល។ ដោយបម្រើការជាង 700 ទីក្រុង នៅប្រាំបីប្រទេសក្នុងអាស៊ីអាគ្នេយ៍ដូចជា កម្ពុជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។ Grab អនុញ្ញាតឱ្យមនុស្សរាប់លាននាក់ អាចបញ្ជាទិញអាហារ ឬ គ្រឿងទេស ផ្ញើកញ្ចប់អីវ៉ាន់ កក់រថយន្ត ឬ តាក់ស៊ី ទូទាត់ការទិញទំនិញ តាមអ៊ីនធឺណិត ឬ ចូលប្រើសេវាកម្មដូចជាការខ្ចីប្រាក់ និង ធានារ៉ាប់រង ជារៀងរាល់ថ្ងៃតាមរយៈកម្មវិធីតែមួយ។ Grab ត្រូវបានបង្កើត ឡើងក្នុងឆ្នាំ 2012 ដោយមានបេសកកម្ម ដើម្បីជំរុញអាស៊ីអាគ្នេយ៍ឆ្ពោះទៅមុខដោយ បង្កើនលទ្ធភាពសេដ្ឋកិច្ចសម្រាប់មនុស្សគ្រប់គ្នា ហើយប្រឹងប្រែងបម្រើគោលការណ៍ទាំងបី ៖ ផ្តល់នូវស្ថិរភាពហិរញ្ញវត្ថុ ព្រមទាំងបង្កើតឥទ្ធិ ពលវិជ្ជមានក្នុងសង្គម និង បរិស្ថាននៅអាស៊ីអាគ្នេយ៍។ សម្រាប់ព័ត៌មានបន្ថែមអំពីផែនការ ពង្រីកអាជីវកម្មរបស់ Grab និង ការប្តេជ្ញារបស់ក្រុមហ៊ុនចំពោះប្រទេសកម្ពុជា សូមចូលទៅកាន់ www.grab.com/kh ឬ www.facebook.com/GrabKH។
អំពី ធនាគារ ABA
ABA គឺជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា គិតលើទ្រព្យសកម្មសរុប ប្រាក់បញ្ញើ និង ប្រាក់កម្ចី យោងតាម របាយការណ៍ត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជាឆ្នាំ 2021-2023។ ធនាគារ ABA មាន 99 សាខា, ទីតាំងស្វ័យសេវា ABA 24/7 ចំនួន 46កន្លែង, ម៉ាស៊ីនស្វ័យសេវាជាង 1,700 នៅទូទាំងប្រទេស, សេវាធនាគារអនឡាញ និង កម្មវិធីធនាគារតាមទូរស័ព្ទដ៏ទំនើប បានធ្វើឲ្យធនាគារ ABA មានអតិថិជនជាង 4 លាននាក់ ដែលកំពុងប្រើប្រាស់សេវាហិរញ្ញវត្ថុដ៏ទំនើបសម្បូរបែបនេះ។ ធនាគារ ABA គឺជាបុត្រសម្ពន្ធរបស់ធនាគារជាតិកាណាដា ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុមួយមានទ្រព្យសកម្ម ជាង 321 ប៊ីលាន ដុល្លារអាមេរិក គិតត្រឹមថ្ងៃទី 30 ខែមេសា ឆ្នាំ 2024 និង មានបណ្តាញធនាគារឆ្លើយឆ្លងដ៏ធំនៅទូទាំងពិភពលោក៕