ផ្ដើមពីគ្រួសាររើសអេតចាយ វុត្ថា បញ្ចប់ការសិក្សាផ្នែកសណ្ឋាគារ និង តំណាងជាតិឈ្នះមេដាយស៊ីហ្គេម ២ គ្រឿងទៀត
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាផ្ទុះការចាប់អារម្មណ៍ និង ចែករំលែកបន្តគ្នាព្រោងព្រាត ចំពោះខ្សែជីវិតដ៏តស៊ូរបស់យុវជនកម្ពុជាមួយរូប ដែលផ្ដើមចេញពីគ្រួសារអ្នករើសអេតចាយ តស៊ូបញ្ចប់ការសិក្សាផ្នែកសណ្ឋាគារ និង ឈ្នះមេដាយប្រាក់ចំនួន ២ គ្រឿង ផ្នែកគុនល្បុក្កតោខ្មែរ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ២០២៣។
ទាក់ទិនទៅនឹងរឿងនេះ តាមរយៈអង្គការ PSE បានបង្ហោះអបអរសាទរ ដល់យុវជន យឹម វុត្ថា ដែលមានអាយុ ២៤ ឆ្នាំ ជាអតីតសិស្សនៃអង្គការដើម្បីភាពញញឹមនៃកុមារ និង ជាជើងឯកស៊ីហ្គេម។
មកពីគ្រួសារប្រកបរបររើសអេតចាយ វុត្ថា អាចសិក្សារៀនសូត្របានដោយសារការគាំទ្រ និង ឧបត្ថម្ភពីអង្គការ ប៉េ អេស អឺ ហើយទីបំផុតរូបគេក៏បានបញ្ចប់ការសិក្សាពីសាលាបដិសណ្ឋារកិច្ច និងទេសចរណ៍ ដោយបំពេញការងារក្នុងវិស័យសណ្ឋាគារ និង បន្តចំណង់ចំណូលចិត្តរបស់គេលើគុនល្បុក្កតោ ដែលក្នុងពេលតែមួយគាត់បានឈ្នះមេដាយប្រាក់ចំនួន ២ ក្នុងព្រឹត្តិការណ៍ SEA Games 2023 នៅកម្ពុជា។
យុវជនរូបនេះ បានពោលបែបនេះថា ៖ «ខ្ញុំពិតជាមានមោទកភាពចំពោះរឿងពីរគឺ ខ្ញុំជាអតីតសិស្សរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និង មានឱកាសតំណាងប្រទេសរបស់ខ្ញុំក្នុងព្រឹត្តិការណ៍ស៊ីហ្គេម។ ខ្ញុំសូមផ្តាំផ្ញើដល់សិស្សជំនាន់ក្រោយចូរ ខិតខំប្រឹងប្រែងកុំបោះបង់ក្តីស្រមៃរបស់អ្នកឡើយ»៕