មិនមែនមានតែ «ទិវានារីអន្តរជាតិ» ទេ! ថ្ងៃទី ១៩ វិច្ឆិកានេះជា «ទិវាបុរសអន្តរជាតិ» ប្រុសៗតិចអត់ដឹង ហើយនេះជាប្រវត្តិពិតនៃទិវា
ប្រិយមិត្តភាគច្រើនប្រាកដជាធ្លាប់តែដឹង និង ឮពី «ទិវានារីអន្តរជាតិ» ដែលតែងប្រារព្ធធ្វើឡើងនៅថ្ងៃទី ០៨ ខែមីនានោះ តែយ៉ាងណាប្រិយមិត្តមួយចំនួនប្រាកដជាមិនធ្លាប់ដឹង ឬ ចាប់អារម្មណ៍ទេថា ពិភពលោកក៏មានប្រារព្ធ «ទិវាបុរសអន្តរជាតិ» ផងដែរ ហើយទិវានេះដែរគឺប្រារព្ធធ្វើឡើងនៅក្នុងថ្ងៃទី ១៩ ខែវិច្ឆិកា ជារៀងរាល់ឆ្នាំ។
«International Men’s Day» ឬ «ទិវាបុរសអន្តរជាតិ» គឺជាទិវានៃការយល់ដឹងជាសកលសម្រាប់បញ្ហាជាច្រើនដែលមនុស្សប្រុសតែងប្រឈមមុខរួមមាន ការផ្ដាច់ខ្លួនចេញពីឪពុកម្ដាយ អំពើបៀតបៀន ការរស់នៅតែលតោលគ្មានទីជម្រក ការធ្វើអត្តឃាត និង ការរងនូវអំពោះហិង្សា ដោយទិវាមួយនេះតែងតែប្រារព្ធធ្វើឡើងនៅថ្ងៃទី ១៩ ខែវិច្ឆិកា ជារៀងរាល់ឆ្នាំ។ បន្ថែមពីនេះ ទិវានេះផងដែរក៏ប្រារព្ធធ្វើឡើងដើម្បីអបអរសាទរដល់ជីវិត សមិទ្ធផលដែលទទួលបាន និង ការរួមចំណែករបស់បុរស និង ក្មេងៗប្រុសៗ ជាពិសេសនោះគឺការរួមចំណែករបស់ពួកគេក្នុងការបម្រើជាតិ សហជីព សង្គម សហគមន៍ ក្រុមគ្រួសារ ជីវិតអាពាហ៍ពិពាហ៍ និង ការមើលថែកូនៗផងដែរ។
តើ «ទិវាបុរសអន្តរជាតិ» នេះ កើតមានឡើងដំបូងនៅពេលណា?
ផ្ដួចផ្ដើមគំនិតឡើងដោយលោក Thomas Oaster កាលពីថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ១៩៩២ តែតាមពិតទៅ ទិវាបុរសអន្តរជាតិ នេះបង្កើតឡើងតាំងពីមួយឆ្នាំមុន គឺនៅថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ១៩៩១ តែយ៉ាងណាមិញ គម្រោងនៃការប្រារព្ធទិវាមួយនេះមិនមានការផ្ទុះគាំទ្រខ្លាំងនៅជុំវិញពិភពលោកនោះឡើយ។
ក្រោយមក លោក Jerome Teelucksingh សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រប្រចាំមហាវិទ្យាល័យ University of the West Indies នាប្រទេស Trinidad and Tobago បានបំផុសគំនិតមួយនេះឱ្យកើតមានឡើងវិញ ដោយជ្រើសរើសថ្ងៃទី ១៩ ខែវិច្ឆិកា ជាថ្ងៃអបអរដោយខួបកំណើតឪពុករបស់លោក។ ការផ្សព្វផ្សាយពីទិវាបុរសអន្តរជាតិនេះ លោក Teelucksingh មិនត្រឹមតែធ្វើឡើងដើម្បីគោរពដល់យេនឌ័រតែមួយនោះទេ ប៉ុន្តែក៏ជាថ្ងៃមួយដើម្បីពិភាក្សា និង ដោះស្រាយរាល់បញ្ហាទាំងអស់ដែលកើតមានឡើងលើបុរសៗ និង ក្មេងៗប្រុសៗ។ លោកបានលើកឡើងថា៖ «ពួកយើងកំពុងតស៊ូដើម្បីសមភាពយេនឌ័រ ហើយក៏កំពុងព្យាយាមយ៉ាងខ្ជាប់ខ្ជួនដើម្បីលុបបំបាត់រូបភាពអវិជ្ជមាន និង ការមាក់ងាយនានាទាក់ទងនឹងបុរសៗក្នុងសង្គម»។
គួរបញ្ជាក់ដែរថា «ទិវាបុរសអន្តរជាតិ» គឺមិនបានទទួលស្គាល់ជាផ្លូវការដោយអង្គការសហប្រជាជាតិដូចទៅនឹង «ទិវានារីអន្តរជាតិ» ៨ មីនា នោះឡើយ។ ទោះជាយ៉ាងណា ទិវាមួយនេះក៏ត្រូវបានបណ្ដាប្រទេសជាង ៧០ លើពិភពលោក ប្រារព្ធធ្វើឡើងផងដែរ ដោយក្នុងនោះរួមមានប្រទេសសិង្ហបុរី អូស្ត្រាលី ឥណ្ឌា ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក មែលតា ក្រូអាត កាណាដា និង ហុងគ្រី ជាដើម។
មិនខុសពីទិវានារីអន្តរជាតិ ៨ មីនា ទិវាបុរសអន្តរជាតិ ១៩ វិច្ឆិកា នេះដែរប្រារព្ធធ្វើឡើងដើម្បីគោរព និង ឱ្យមហាជនលើពិភពលោកចាប់អារម្មណ៍លើបញ្ហាដែលបុរសៗប្រឈមមុខ។ ជាពិសេសនោះ ថ្ងៃនេះដែរក៏ជាឱកាសមួយសម្រាប់ស្រីៗក្នុងការឱ្យជាកាដូ ឬ បង្ហាញក្ដីស្រឡាញ់របស់ពួកគេទៅកាន់បុរសៗជុំវិញខ្លួនពួកគេផងដែរ៕
ប្រភព៖ Kenh14