ផ្ទុះប្រតិកម្ម ក្រោយព្រលានយន្តហោះមួយនៅ New Zealand កំណត់ពេលឱ្យភ្ញៀវឱបលាគ្នាត្រឹម ៣ នាទី
ព្រលានយន្តហោះ Dunedin នាប្រទេស New Zealand កំពុងតែធ្វើឱ្យមានការផ្ទុះវែកញែកពាសពេញបណ្ដាញសង្គម ក្រោយនៅព្រលានយន្តហោះមួយនេះបានដាក់ចេញការកំណត់ឱ្យមានការឱបលាគ្នានៅតំបន់ទម្លាក់អ្នកដំណើរ (drop-off area) ត្រឹមរយៈពេល ៣ នាទីប៉ុណ្ណោះ។
ថ្មីៗនេះ រូបភាពនៃស្លាកបញ្ជាក់មួយថតនៅព្រលានយន្តហោះ Dunedin កំពុងផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ដោយសារតែស្លាកនោះបានសរសេរថា ៖ «ពេលវេលាឱបគ្នាគឺកំណត់ឱ្យត្រឹម ៣ នាទី ប្រសិនបើអ្នកចង់ឱបលាគ្នាក្នុងរយៈពេលយូរជាងនេះ សូមទៅធ្វើនៅកន្លែងចតយានយន្ត»។
គួរបញ្ជាក់ថា កាលពីចុងខែកញ្ញាកន្លងទៅ លោក Daniel De Bono នាយកប្រតិបត្តិព្រលានយន្តហោះ Dunedin បានធ្លាប់លើកនិយាយជុំវិញប្រធានបទខាងលើនេះផងដែរ។ លោកបានលើកពីការសិក្សាមួយថា ការឱបគ្នាត្រឹម ២០ វិនាទីគឺគ្រប់គ្រាន់ក្នុងការបញ្ចេញអរម៉ូន oxytocin ដែលជាអរម៉ូនក្នុងរាងកាយបង្កើតអារម្មណ៍ឱ្យមានក្ដីស្រឡាញ និង ភាពស្និទ្ធស្នាល។ ដូច្នេះហើយ ការកាត់បន្ថយពេលវេលាឱបគ្នានេះនឹងជួយកាត់បន្ថយការកកស្ទះនៅព្រលានយន្តហោះ និង ថែមទាំងអាចជួយឱ្យគ្រប់គ្នាផ្លាស់ទីបានកាន់តែលឿន។ លោក Bono បានបញ្ជាក់ទៀតថា ការចតយានយន្តរយៈពេល ១៥ នាទី គឺមិនត្រូវបានគិតថ្លៃនោះទេ ដូច្នេះហើយវាសមស្របសម្រាប់ករណីដែលអ្នកចង់និយាយលាគ្នាក្នុងរយៈពេលយូរ។
យ៉ាងណាមិញ ការដាក់កំណត់ពេលវេលាលាគ្នាក្នុងព្រលានយន្តហោះនេះ បានធ្វើឱ្យមនុស្សជាច្រើនប្រតិកម្ម ដោយលើកឡើងថាវាដូចជាមិនសមហេតុផលសោះ ប៉ុន្តែក៏មានមនុស្សមួយចំនួនបង្ហាញការគាំទ្រផងដែរ ដោយពួកគេលើកឡើងថានៅកន្លែងទម្លាក់ និង ទទួលអ្នកដំណើររយៈពេលយូរ បើនៅព្រលានយន្តហោះខ្លះអាចទទួលពិន័យទៀតផង៕