ប្រុងប្រៀប! ព្យុះ ២ ជួបគ្នា ឈ្មោះ «ប៊ីប៊ីនកា» និង «ពូលឡាសាន» មានឥទ្ធិពលលើកម្ពុជា អាចមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ ពិសេសតំបន់ ២ នេះ
នៅព្រឹកថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៤ នេះ ក្រសួងធនធានទឹក និង ឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ឱ្យបានដឹងថា ព្យុះទី ១៣ ឈ្មោះ «ប៊ីប៊ីនកា» ជាមួយ និង ព្យុះទី ១៤ ឈ្មោះ «ពូលឡាសាន» ដែលកើតលើគន្លងតែមួយមានឥទ្ធិពលខ្លាំងលើខ្យល់មូសុងនិរតី បក់លើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ ខណៈសម្ពាធទាបនៅបន្តគ្របដណ្តប់លើភាគកណ្តាលនៃអាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និង លើព្រះរាជាណាចក្រកម្ពុជា ដែលតំបន់វាលទំនាប និង តំបន់ខ្ពង់រាប អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និង ខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៦០%។
ជាក់ស្ដែង ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី ១៧ ខែកញ្ញា ដល់ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៤ មានលក្ខណៈដូចតទៅ ៖
១. តំបន់វាលទំនាប
– សីតុណ្ហភាពមធ្យមអប្បបរមា ២៣°C និង សីតុណ្ហភាពមធ្យមអតិបរមា ៣៤°C។ ខ្យល់បក់មកពីទិសនិរតី និង ពាយ័ព្យមានល្បឿនមធ្យម ៤ ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និង ភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និង ខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៦០%។
២. តំបន់ខ្ពង់រាប
– សីតុណ្ហភាពមធ្យមអប្បបរមា ២៣°C និង សីតុណ្ហភាពមធ្យមអតិបរមា ៣៣°C។ ខ្យល់បក់មកពីទិសនីរតី និង ពាយ័ព្យមានល្បឿនមធ្យម ៥,៥ ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និង ជួរភ្នំដងរែក អាចមាន ភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៦០%។
៣. តំបន់មាត់សមុទ្រ
– សីតុណ្ហភាពមធ្យមអប្បបរមា ២៣°C និង សីតុណ្ហភាពមធ្យមអតិបរមា ៣៣°C ។ ខ្យល់បក់មកពីទិសនិរតី និង ពាយ័ព្យមានល្បឿនមធ្យម ៥ ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និង ជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ៤០%។
– រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ១,៥០ ម៉ែត្រ និង កម្ពស់មធ្យមអតិបរមា ២,២៥ ម៉ែត្រ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖