មហាសេដ្ឋីវ័យ ៩១ ឆ្នាំម្នាក់ បានស្ល-ា.//ប់ ត្រឹម ២ ខែ ក្រោយរៀបការជាមួយប្រពន្ធទី ៦
លោក Richard Lugner មហាសេដ្ឋីប្រទេសអូទ្រីស និង ជាសហគ្រិនល្បីឈ្មោះម្នាក់បានទទួលមរណភាពហើយក្នុងវ័យ ៩២ ឆ្នាំ ក្រោយរៀបការជាមួយភរិយាទី ៦ លោកស្រី Simone Reilander អាយុ ៤២ ឆ្នាំបានត្រឹម ២ ខែ។
តាមភ្នាក់ងារសារព័ត៌មាន Agence France-Presse បានឱ្យដឹងថា អ្នកជំនួញទ្រព្យស្តុករូបនេះ បានទទួលមរណភាពកាលពីថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៤ កន្លងទៅ នៅក្នុងវីឡារបស់លោកនាក្រុង Vienna ប្រទេសអូទ្រីស។ តាមព័ត៌មានដដែលបានបញ្ជាក់ទៀតថា មហាសេដ្ឋីរូបនេះមានជំងឺច្រើនជាប់ខ្លួន និង ថែមទាំងធ្លាប់ឆ្លងកាត់ការវះកាត់នៅប៉ុន្មានខែថ្មីៗនេះទៀតផង។
ជាក់ស្ដែង កាលពីឆ្នាំ ២០១៦ លោក Richard រកឃើញកើតជំងឺមហារីកក្រពេញប្រូស្តាត តែលោកថាបានព្យាបាលជាសះស្បើយក្រោយធ្វើការបាញ់កាំរស្មីព្យាបាលដោយជោគជ័យក្នុងឆ្នាំ ២០១៧។ ក្រោយមកទៀត ក្នុងឆ្នាំ ២០២០ លោកក៏រកឃើញកើតមានជំងឺមហារីកស្បែក ដោយតម្រូវឱ្យឆ្លងកាត់ការវះកាត់ចេញ ប៉ុន្តែជំងឺនេះបានកើតឡើងម្ដងទៀតក្នុងឆ្នាំ ២០២១ រហូតលោកត្រូវឆ្លងកាត់មុខកាំបិតជាថ្មី។ យ៉ាងណាមិញថ្មីៗនេះទៀត ពោលគឺនៅខែកក្កដាកន្លងទៅ លោក Richard ត្រូវចូលមន្ទីរពេទ្យដើម្បីទទួលការវះកាត់ជាបន្ទាន់ ដោយសារតែលោកមានបញ្ហាធ្លាយសន្ទះបេះដូង។
គួរបញ្ជាក់ថា លោក Richard Lugner កើតក្នុងឆ្នាំ ១៩៣២ នាទីក្រុង Vienna ប្រទេសអូទ្រីស។ លោកបានបញ្ចប់ការសិក្សាផ្នែកជំនាញសាងសង់ ពីសាលា Federal Technical and Commercial College។ លោក Richard ចាប់ផ្ដើមការងារដំបូងក្នុងក្រុមហ៊ុនសាងសង់មួយនៅប្រទេសអូទ្រីសផ្ទាល់ មុនពេលទទួលបានអាជ្ញាប័ណ្ណក្លាយជាអ្នកម៉ៅការសំណង់ និង ចាប់ផ្ដើមបង្កើតជំនួញមួយជារបស់ខ្លួនឯង៕
ប្រភព៖ honey.nine