(វីដេអូ) វ៉ាវ! លី មួយលាង ត្រូវម្ចាស់ស្ថាប័ន Miss Teen អន្តរជាតិ Surprise ឡានមួយគ្រឿង និង លុយ ៥ ម៉ឺនដុល្លារ
និយាយពីបវរកញ្ញាវ័យក្មេងដ៏មានសក្ដានុពល Miss Teen Cambodia 2024 លី មួយលាង ក្រោយពីបំពេញបេសកកម្មតំណាងប្រទេសកម្ពុជាទទួលបានលទ្ធផលដ៏អស្ចារ្យក្លាយជា Miss Teen International 2024 កាលពីពេលកន្លងមក ពេលនេះនាងកំពុងតែមានការមមាញឹកខ្លាំងជាមួយនឹងការងារជាច្រើន។
ជាមួយគ្នានោះ លី មួយលាង ក៏តែងធ្វើឱ្យមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាចាប់អារម្មណ៍ និង សរសើរខ្លាំង ដែលជារឿយៗតែងឃើញនាងបញ្ចេញរូបភាពលើបណ្ដាញសង្គមក្នុងឈុតដ៏ស្រស់ស្អាតទាំងបុរាណ និង សម័យ មើលទៅកាន់តែស្រស់ស្អាតប្លែកខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ។
មួយរយៈក្រោយនេះ បវរកញ្ញាវ័យក្មេង លី មួយលាង កាន់តែមានសក្កានុពលខ្លាំង ក្រៅពីវិស័យបវរកញ្ញា នាងកំពុងក្ដោបបានទីផ្សារកាន់តែខ្លាំងលើវិស័យសិល្បៈ ទាំងការផ្សព្វផ្សាយផលិតផល ថតសំអាងការផ្សេងៗ ព្រមទាំងមានទីផ្សារក្នុងវិស័យភាពយន្តទាំងក្នុង និង ក្រៅប្រទេស។
ដោយឡែក ក្រោយគ្រងមកុដអន្តរជាតិ និង បំពេញតួនាទីជា Miss Teen International 2024 បានជាង ២ ខែមក ថ្មីៗនេះ បវរកញ្ញាយុវតី លី មួយលាង បានធ្វើឱ្យមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាអបអរ និង រំភើបចិត្តជំនួស ខណៈបានឃើញនាងទទួលបានការ Surprise ដ៏ធំមួយពីម្ចាស់ស្ថាប័នអន្តរជាតិ Miss Teen International នៅឯប្រទេសឥណ្ឌា ដែលជូនកាដូយ៉ាងពិសេស គឺជារថយន្តទំនើបមួយគ្រឿង និង ថវិកាចំនួន ៥ ម៉ឺនដុល្លារ។
នេះតាមរយៈការផ្សាយផ្ទាល់លើបណ្ដាញសង្គមហ្វេសប៊ុកផេក Miss Preteen International Cambodia ដែលជាការឡាយវីដេអូនៃការប្រកួតបវរកញ្ញាវ័យក្មេង ខណៈ លី មួយលាង បង្ហាញវត្តមានជាពិធីការិនីក្នុងការប្រកួតនេះ ក៏ត្រូវបានកម្មវិធីរៀបចំ Surprise យ៉ាងរំភើបសម្រាប់នាងជំនួសមុខឱ្យកម្មវិធីអន្តរជាតិផងដែរ៕