ផ្ទុះសំណើច! ទេព បូព្រឹក្ស ខំចាក់អាវជូនប្តីទាំងកំពុងពពោះ តែ ជី ដេវីត អរគុណ ស៊ូត ទៅវិញ
ក្រោយពីប្រកាសជិតក្លាយទៅជាប៉ាម៉ាក់ក្នុងពេលឆាប់ៗខាងមុខនេះ តារាចម្រៀងរ៉េប ជី ដេវីត និង តារាចម្រៀង ទេព បូព្រឹក្ស តែងតែបង្ហាញពីភាពផ្អែមល្ហែម និង ការយកចិត្តទុកដាក់នឹងគ្នាកាន់តែលើសដើម។
ជាក់ស្តែង ក្រោយផ្អាកក្នុងការងារសិល្បៈអំឡុងពេលពពោះហើយនោះ មហាជនអ្នកគាំទ្រតែងសង្កេតឃើញថា ទេព បូព្រឹក្ស បានចំណាយពេលទំនេររបស់ខ្លួនដើរតួនាទីជាភរិយាដ៏ល្អ ដោយជារឿយៗ ទេព បូព្រឹក្ស អង្គុយចាក់អាវជូនស្វាមីឡើងឆាកច្រៀងថែមទៀតផង។
ជាក់ស្តែង កាលពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ លោក ជី ដេវីត ក៏បានបង្ហោះរូបភាពពាក់អាវពណ៌ទឹកប៊ិចស្រស់ ដែលជាស្នាដៃចាក់របស់ភរិយា មើលទៅពិតជាស័ក្តសមនឹងលោកយ៉ាងខ្លាំង។ ជាងនេះទៅទៀត អមនឹងរូបភាពនោះដែរ លោក ជី ដេវីត ក៏បានសរសេរសារអរគុណ ទេព បូព្រឹក្ស ថា៖ «អាវ Brand ឥលូវ ប៉ាៗ ឱ្យសូន្យ អាវម៉ាក់ៗចាក់ឱ្យនេះណាបានពេញបេះដូង អរគុណ ស៊ូត ដែលឱ្យម៉ាក់ៗដ៏ពូកែដល់ប៉ាៗ»។
ភ្លាមនោះ មិនត្រឹមតែ អ្នកនាង ទេព បូព្រឹក្ស នោះទេ ដែលបានលាន់មាត់ គឺសូម្បីតែមហាជនអ្នកគាំទ្រជាច្រើន ក៏បានចាប់អារម្មណ៍នូវសាររបស់ លោក ជី ដេវីត ដែលបានលាយឡំនឹងឈ្មោះព្រះមួយអង្គជាតួអង្គតុក្កតាឈ្មោះថា «ស៊ូត» ដែលកំពុងល្បីខ្លាំងលើបណ្តាញសង្គមហ្វេសប៊ុក។ លើសពីនោះ អ្នកនាង ទេព បូព្រឹក្ស បានឆ្លើយតបស្វាមីវិញថា៖ «ហា! ហើយខ្ញុំអ្នកចាក់ ទៅ អរគុណ ស៊ូត ស្អីនឹង?»៕