មេឃភ្លៀងខ្លាំងស្ទះលូពេក បុរសម្នាក់លុយទឹកទៅកាយកុំឱ្យស្ទះ ស្រាប់តែ ២ ថ្ងៃក្រោយធ្លាក់ខ្លួនឈឺធ្ងន់ ព្រោះឆ្លងមេរោគ
ថ្មីៗនេះមានករណីរបស់បុរសជនជាតិចិន វ័យ ៥០ ឆ្នាំម្នាក់ បានកើតអាការស្ពឹកដៃស្ពឹកជើង ឆ្លងមេរោគពេញខ្លួន ស្ទើរតែអស់ជីវិត ដោយសារតែលុយទឹកភ្លៀងទៅកាយលូនៅជិតផ្ទះ ដែលស្ទះបង្កឱ្យលិចនោះ។
តាមព័ត៌មានបានឱ្យដឹងថា មានថ្ងៃមួយមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅម្តុំផ្ទះរបស់បុរសខាងលើ ហើយបុរសរូបនេះក៏បានដើរលុយទឹកទៅមើលលូនៅជិតផ្ទះ រួចក៏បានកាយសំរាមចេញដើម្បីកុំឱ្យស្ទះយូរពេក។ ស្រាប់តែពីរថ្ងៃក្រោយមក បុរសរូបនេះក៏ចាប់ផ្តើមឈឺក្បាល ក្តៅខ្លួន ឈឺសាច់ដុំជើង តែក៏មិនសូវចាប់អារម្មណ៍ ដោយគិតថាគ្រាន់តែឈឺធម្មតាៗ ហើយក៏បានទិញថ្នាំលេប ប៉ុន្តែចុងក្រោយលេបមិនបាត់ អាការក៏កាន់តែធ្ងន់ធ្ងរ រហូតដល់គ្រួសារបញ្ជូនទៅមន្ទីរពេទ្យ។
យ៉ាងណាមិញ តាមគ្រូពេទ្យបានឱ្យដឹងថា បុរសរូបនេះបានឆ្លងជំងឺ Leptospirosis ឬ Weil Syndrome ដែលអាចបង្កឱ្យមានការស្លាប់អវយវៈរាងកាយ ជាពិសេសគឺសួត និង ក្រលៀន។ ដោយឡែក ក្រុមគ្រូពេទ្យបានព្យាយាមនាំគ្នាជួយសង្រ្គោះបុរសរូបនេះក្នុងរយៈពេល ៨ ម៉ោងពេញ ដោយបានឱ្យថ្នាំអង់ទីប៊ីយោទិច លាងឈាម បញ្ចូលឈាម និង ការដាក់អុកស៊ីសែន រហូតទាល់តែបុរសរូបនេះ អាចធូរស្បើយវិញបានមួយកម្រិត៕
ប្រភព៖ Sanook