ស្ងាត់ៗបែបច្បាស់លាស់! ប្រកាសចំណងស្នេហ៍មួយរយៈ រឿន ណាត ត្រូវគូស្នេហ៍លត់ជង្គង់សុំរៀបការលើទឹកដីអង្គរយ៉ាងរំភើប
មួយរយៈធំកន្លងទៅហើយ ដែលបវរកញ្ញាចក្រវាលកម្ពុជា កញ្ញា រឿន ណាត និង បុរសឯក លាវ វេងហួរ បានបើកបង្ហាញពីទំនាក់ទំនងស្នេហាជាសាធារណៈ ធ្វើឱ្យមហាជនអ្នកគាំទ្រអបអររំភើបជំនួស និង ចាប់អារម្មណ៍តាមដានចំពោះចំណងស្នេហ៍ថ្មីថ្មោងរបស់ស្រីស្អាតប្រុសសង្ហាមួយគូនេះ។
ចាប់តាំងពីបើកចំហចំណងស្នេហាពេញមុខពេញមាត់ ប៉ុន្មានខែមកនេះ ឃើញថាបវរកញ្ញា និង បុរសឯកមួយគូនេះ កាន់តែបង្ហាញសកម្មភាពដ៏ល្អូកល្អិនផ្ហែមល្ហែមនឹងគ្នាយ៉ាងមានក្ដីសុខតាមរយៈរូបភាព វីដេអូ ក៏ដូចជាពាក្យសម្ដីផ្សេងៗលើបណ្ដាញសង្គមជាហូរហែ។
ដោយឡែក ក្រោយពីបង្ហាញស្នេហាផ្អែមល្ហែមមួយរយៈ ថ្មីៗនេះ គូស្នេហ៍មួយគូនេះ កាន់តែធ្វើឱ្យមហាជនអ្នកគាំទ្ររំភើបជំនួស និង អបអរខ្លាំង ខណៈបានឃើញបុរសឯក លាវ វេងហួរ បានរៀបចំ Surprise រឿន ណាត ដោយលុតជង្គង់សុំនាងរៀបការនៅឯទឹកដីអង្គរយ៉ាងរំភើបបំផុត។
ក្នុងនោះដែរ រឿន ណាត ក៏បានរៀបរាប់បង្ហាញអារម្មណ៍រំភើបថា ៖ «ធ្វើស៊ីអូនសាហាវណាស់ កុហកអូនថាទៅមើលថ្ងៃរះ យកអង្គរវត្តធ្វើជាសាក្សី សូមឱ្យស្នេហាយើងរឹងមាំ និង ស្រស់ស្អាតដូចជាអង្គរវត្ត អរគុណអ្នកទាំងអស់គ្នាដែលអបអរស្នេហាពួកខ្ញុំ»៕