តារាស្រីកូរ៉េល្បី Bada ទម្លាយមូលហេតុភ្ញាក់ផ្អើល ធ្លាប់បដិសេធមិនរៀបការជាមួយនឹងខ្សែរាជវង្សថៃ
កាលពីពេលថ្មីៗនេះ តារាស្រី Bada អតីតសមាជិកក្រុមចម្រៀង S.E.S. ជាក្រុមចម្រៀងធ្លាប់មានភាពល្បីល្បាញខ្លាំងនៅដើមទសវត្សរ៍ឆ្នាំ ១៩៩០ បានមានវត្តមានចូលរួមផ្តល់បទសម្ភាសក្នុងកម្មវិធីវិទ្យុមួយ ដោយតារាស្រីរូបនេះបាននិយាយអំពីរឿងមួយដែលនាងបានចងចាំមិនភ្លេចទាក់ទងនឹងខ្សែរាជវង្សថៃកាលពី ២០ ឆ្នាំមុន។
បើតាមការចុះផ្សាយរបស់ Koreaboo បានស្រង់យកសម្តីរបស់តារាស្រីវ័យ ៤៣ ឆ្នាំរូបនេះ ដោយកាលនោះនាងបានទៅថតនៅលើទូកនៅកោះ Phi Phi ប្រទេសថៃ ខណៈពេលនោះដែលក្រុមថតកំពុងមមាញឹកខ្លាំង ដោយមានកាប៉ាល់ធំមួយបានចតជិតទីតាំងទូកដែលពួកគេកំពុងថត។
ជាមួយគ្នានោះ បើតាមសម្តីរបស់តារាស្រីរូបនេះ បាននិយាយថា កាលនោះនាងឃើញមានស្រ្តីម្នាក់ពាក់គ្រឿងមានតម្លៃជាច្រើនបានចុះពីកាប៉ាល់ ទៅទស្សនាតន្រ្តីជាលក្ខណៈឯកជន។ ភ្លាមនោះ ក៏ស្រាប់តែមានមនុស្សម្នាក់បានបង្ហាញរូបថតបុរសម្នាក់ ហើយនិយាយថានោះជាព្រះអង្គម្ចាស់ជាប់ខ្សែរាជវង្សរបស់ប្រទេសថៃ។ អ្វីដែលកាន់តែធ្វើឱ្យនាងភ្ញាក់ផ្អើលទៀតនោះគឺ ស្រ្តីម្នាក់ដែលអាថ៌កំបាំងនោះ ថែមទាំងនិយាយថាគេមានបំណងចង់ឱ្យ Bada ក្លាយជាភរិយារបស់ព្រះអង្គម្ចាស់ ដោយហេតុថាទ្រង់បានពេញចិត្តនឹងរូបសម្រស់របស់នាងយ៉ាងខ្លាំង ហើយអ្នកទាំងនោះ ក៏បានបញ្ជាក់ដែរថា ទ្រព្យសម្បត្តិរបស់ខ្សែរាជវង្សគឺចាយ ១០០ ជំនាន់ទៀតក៏មិនអស់ដែរ។
ទោះជាយ៉ាងណា តារាស្រី Bada បានបដិសេធសំណើនេះទាំងមានភាពស្រពិចស្រពិល ដោយសារតែនាងមិនចង់ក្លាយជាប្រពន្ធចុងរបស់អ្នកណាម្នាក់នោះទេ ហើយខ្សែរាជវង្សថៃ គឺត្រូវតែមានប្រពន្ធដើមជាជនជាតិថៃ។ រឿងរ៉ាវមួយនេះ បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលដោយនឹកស្មានមិនដល់ ព្រោះមានមនុស្សតិចណាស់ដែលសុខចិត្តបដិសេធសំណើចូលក្នុងខ្សែរាជវង្ស ដូចជាតារាស្រី Bada ហើយរើសយកការសាងគ្រួសាររស់នៅបែបសាមញ្ញ៕