ចូលរួមសោកស្ដាយ! តារាសម្ដែង និង ជាអ្នកបញ្ចូលសំឡេងតួអង្គ Mama Coco បានទទួលមរណភាព នៅអាយុ ៩០ ឆ្នាំ
នៅថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៤ នេះ សារព័ត៌មាន CNA បានចុះផ្សាយឱ្យដឹងថា តារាសម្ដែងជនជាតិម៉ិកស៊ិក ម្នាក់ឈ្មោះ Ana Ofelia Murguia ដែលត្រូវបានគេស្គាល់ថា ជាអ្នកបញ្ចូលសំឡេងតួអង្គ Mama Coco ក្នុងខ្សែភាពយន្ត Pixar ដ៏ល្បីមួយបានទទួលមរណភាពហើយ នៅអាយុ ៩០ ឆ្នាំ។
យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា វិទ្យាស្ថានវិចិត្រសិល្បៈជាតិរបស់ប្រទេសម៉ិកស៊ិក កាលពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣ កន្លងទៅ បានប្រកាសពីមរណភាពរបស់ Murguia នៅអាយុ ៩០ ឆ្នាំ ប៉ុន្តែមិនបានបញ្ជាក់ពីមូលហេតុនៃការស្លាប់នោះទេ ដោយរដ្ឋលេខាធិការវប្បធម៌ Alejandra Frausto Guerrero បានត្រឹមតែលើកឡើងថា ៖ «Murguia បានបន្សល់ទុកស្នាដៃជាច្រើនសម្រាប់ប្រទេសរបស់យើង» ប៉ុណ្ណោះ។
គួរឱ្យដឹងដែរថា រឿង Coco ដែលត្រូវបានចាក់បញ្ចាំងនៅក្នុងឆ្នាំ ២០១៧ បានធ្វើឱ្យមនុស្សជាច្រើនស្គាល់ Murguia ដែលជាអ្នកបញ្ចូលសំឡេងតួអង្គសំខាន់ Mama Coco ប៉ុន្តែជាក់ស្ដែង Murguia គឺជាតារាសម្ដែងអាជីពមួយរូបក្នុងវិស័យភាពយន្តជាយូរឆ្នាំមកហើយ ក្នុងប៉ុស្តិ៍ទូរទស្សន៍ម៉ិកស៊ិក និង នៅលើឆាកអន្តរជាតិ ដោយបានបង្ហាញខ្លួនក្នុងរឿងចំនួន ៧០ និង ភាពយន្តចំនួន ៩០ រួមទាំងរឿងល្បីៗដូចជា Life Sentence (ឆ្នាំ ១៩៧៩) និង The Queen of The Night (ឆ្នាំ ១៩៩៤)។
ជាក់ស្ដែង នៅក្នុងរឿង Coco Murguia ក៏ចូលរួមធ្វើជាអ្នកបញ្ចូលសំឡេងឱ្យតួអង្គយាយទួតរបស់ក្មេងប្រុសម្នាក់ ដែលតែងតែចង់ដឹងពីប្រវត្តរបស់គ្រួសារខ្លួន និង ជាអ្នកស្រឡាញ់តន្រ្តីម្នាក់ ហើយក្រោយពីរឿងនេះបានល្បីសុះសាយជាសកល កាលពីខែមេសា ឆ្នាំ ២០២៣ កន្លងទៅ National Autonomous University of Mexico ក៏បានផ្តល់រង្វាន់មួយដល់ Murguia ដែលនោះគឺជា មេដាយ Ingmar Bergman សម្រាប់ការបន្សល់ទុកនូវស្នាដៃ មិនអាចបំភ្លេចបានក្នុងវិស័យភាពយន្ត និង មហោស្រពរបស់ប្រទេសម៉ិកស៊ិក៕