សហគ្រិនខ្មែរ រៀបចំទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ដោយបង្ហាញនវានុវត្តន៍ និង ការរីកចម្រើនរបស់សហគ្រិនកម្ពុជា
សហគ្រិនខ្មែរ បានរៀបចំទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព នៅថ្ងៃទី ២៤-២៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅមណ្ឌលសន្និបាត និង ពិព័រណ៍កោះពេជ្រ ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង មានការចូលរួមពីភាគីពាក់ព័ន្ធក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ដើម្បីអបអរសមិទ្ធផល និង បន្តលើកកម្ពស់ការអភិវឌ្ឍសហគ្រិនភាពនៅកម្ពុជា។
ក្នុងសុន្ទរកថាបើកទិវានេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានរំលេចនូវតួនាទីដ៏សំខាន់នៃសហគ្រិនភាព ក្នុងការជំរុញសកម្មភាពសេដ្ឋកិច្ច និង ផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាជន ដូចជាបង្កើតការងារ មុខរបរ បង្កើនប្រាក់ចំណូល កាត់បន្ថយចំណាកស្រុក ជួយប្រជាជនងាយរងគ្រោះឱ្យមានលំនឹងជីវភាព ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និង ស្ថិរភាពសង្គម។
ឯកឧត្តមបានលើកឡើងថា ៖ «ការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព កាន់តែមានសារសំខាន់ និង កាន់តែបន្ទាន់ ក្នុងការជំរុញសន្ទុះកំណើនសេដ្ឋកិច្ច តាមរយៈការអភិវឌ្ឍសមត្ថភាព និង ស្តង់ដារផលិតកម្ម ក្នុងន័យពង្រីកទីផ្សារក្នុងស្រុក និង អន្តរជាតិ ដើម្បីកាត់បន្ថយការនាំចូល និង ជំរុញការនាំចេញ»។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ និង ជាប្រធានក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានលើកឡើងថា ៖ «ទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព មានគោលដៅផ្តល់ភាពអង់អាច និង ជំរុញទឹកចិត្តសហគ្រិនជំនាន់ថ្មីរបស់កម្ពុជា ដោយផ្តល់ឱកាសកសាងបណ្តាញធុរកិច្ច ចែករំលែកចំណេះដឹង ដាក់តាំងបង្ហាញផលិតផល និង សេវាកម្មដែលកើតចេញពីនវានុវត្តន៍ និង គំនិតច្នៃប្រឌិតរបស់សហគ្រិន»។
ទិវាដែលមានរយៈពេលពីរថ្ងៃនេះ មានស្តង់ផលិតផលចូលរួមជាង ២០០ស្តង់ និង មានកម្មវិធីសំខាន់ៗ ដូចជាការប្រកួតប្រជែងសង្វៀនរ៉ូបូត (BATTLEBOTX), ពិធីសម្ពោធកម្មវិធីសហគ្រិនមហាវិទ្យាល័យ រដូវកាលទី ៣, កម្មវិធីប្រកួតគំរូធុរកិច្ច Y2B HACKATHON, វេទិកាផ្សារភ្ជាប់អ្នកផលិតនិងទីផ្សារ, សន្និសីទវិនិយោគប្រកបដោយនិរន្តភាព, សន្និសីទប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព, និង ពិធីប្រគល់ពានរង្វាន់សហគ្រិនខ្មែរ ឆ្នាំ ២០២៤។
គិតមកត្រឹមឆ្នាំ ២០២៤ សហគ្រិនខ្មែរ បានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ដោយបានអនុវត្តកម្មវិធីចំនួន ៣៧៩, ប្រើប្រាស់ថវិកាសរុបប្រមាណ ១៥ លានដុល្លារ, និងទាក់ទាញថវិកាពីដៃគូសរុបប្រមាណ ២៥ លានដុល្លារ។
អ្នកទទួលផលដោយផ្ទាល់ពីកម្មវិធីមានចំនួនប្រមាណ ៥,៧ ម៉ឺននាក់ និង អ្នកទទួលបានថវិកាគាំទ្រមានចំនួនប្រមាណ ៧៧០ នាក់ រួមមានសិស្សថ្នាក់វិទ្យាល័យ និស្សិតថ្នាក់សាកលវិទ្យាល័យ ធុរកិច្ចថ្មី និង សហគ្រាសធុនមីក្រូតូច និង មធ្យមនៅទូទាំងប្រទេស។ ទន្ទឹននឹងនេះ សហគ្រិនខ្មែរ បានផ្តល់ថវិកាគាំទ្រសរុបប្រមាណ ៣ លានដុល្លារ និង ទាក់ទាញថវិកាពីវិស័យឯកជនក្នុងទម្រង់ជាឥណទានប្រមាណ ១២ លានដុល្លារ និង ក្នុងទម្រង់ជាការវិនិយោគប្រមាណ ២៥ លានដុល្លារ។
យើងខ្ញុំសូមអរគុណដល់ដៃគូសហការគាំទ្រកម្មវិធីរបស់យើងរួមមាន អ្នកឧបត្ថកម្រិតផ្លាទីនីម ក្រុមហ៊ុន Smart Axiata, អ្នកឧបត្ថម្ភកម្រិតមាស ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ធនាគារ វីង ដែលបានដើរតួយ៉ាង សំខាន់ក្នុងការចូលរួមធ្វើឱ្យព្រឹត្តិការណ៍នេះអាចដំណើរការទៅបាន។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះដៃគូសហការដែលចូលរួមយ៉ាងសកម្មក្នុងការគាំទ្រវិស័យសហគ្រិនភាព និង នវានុវត្តន៍ឲ្យកាន់ តែរីកចម្រើន៕